ខ្សែប្រយុទ្ធ Odion Ighalo នឹងត្រូវស្ថិតក្នុងក្រុម Manchester United សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Chelsea នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ បើទោះបីបានអវត្តមានក្នុងការហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ ដោយសារតែមានការព្រួយបារម្ភថា រូបគេអាចនឹងត្រូវហាមឃាត់មិនឲ្យចូលក្នុងចក្រភពអង់គ្លេសម្តងទៀត ប្រសិនបើមានការហាមឃាត់ផ្សេងៗ ប្រឆាំងនឹងការផ្ទុះជំងឺឆ្លង Coronavirus ត្រូវបានរឹតបន្តឹង។

photo of Odion Ighalo
ខ្សែប្រយុទ្ធ Odion Ighalo

ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាវ័យ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Man United ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចុងរដូវកាលនេះ នៅថ្ងៃដោះដូរកីឡាករចុងក្រោយ កាលពីខែមុន ពីក្លិបចិន Shanghai Shenhua។

photo of Odion Ighalo
​កីឡាករ Odion Ighalo

រដ្ឋាភិបាលចក្រភពអង់គ្លេស បានចាត់ទុកមេរោគកូរ៉ូណា «ជាមេរោគដ៏កាចសាហាវ និងជិតឈានដល់ការប្រកាសអាសន្ន» ហើយថា អ្នកដែលមានជំងឺនេះ អាចនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ប្រសិនបើពួកគេត្រូវបានចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ខណៈដែលចំនួនអ្នកឆ្លងនៅចក្រភពអង់គ្លេស កើនដល់៨នាក់។

photo of Odion Ighalo
Odion Ighalo

ចំនួនអ្នកស្លាប់ដោយសារតែមេរោគកូរ៉ូណា បានកើនឡើងច្រើនជាង១ពាន់នាក់ កាលពីថ្ងៃអង្គារ។ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ Man United បានឲ្យដឹងថា៖ «ពិតណាស់ រូបគេនឹងធ្វើដំណើរជាមួយនឹងយើង។ យើងនឹងរង់ចាំមើលភាពរឹងមាំរបស់គេ នៅសប្តាហ៍នេះ ហើយខ្ញុំគិតថា យើងនឹងធ្វើឲ្យរូបគេមានភាពមុតស្រួច។ យើងចង់បញ្ចូលរូបគេឲ្យបានឆាប់ តាមដែលយើងអាច ពីព្រោះ រូបគេចង់លេងជាមួយនឹងយើង»៕