Ole ថាការរិះគន់របស់មហាជន ធ្វើឲ្យលោកកាន់តែរឹងមាំ
លោក Ole Gunnar Solskjaer បានអរគុណសម្រាប់ការរិះគន់ ហើយពាក្យទាំងអស់បានជួយឲ្យលោកកាន់តែរឹងមាំជាងមុន។

Ole អ្នកចាត់ការសញ្ជាតិន័រវែសត្រូវបានគេមើលឃើញថាកាន់តែកៀកនឹងការបាត់បង់តំណែង បន្ទាប់ពីចាញ់ Liverpool ដល់ទៅ ៥-០។ ប៉ុន្តែលោកបានបន្ថយសម្ពាធមួយកាំវិញ ក្រោយដឹកនាំ Man United យកឈ្នះដល់ទឹកដីរបស់ Spurs ៣-០ កាលពីចុងសប្ដាហ៍។
និយាយមុនប៉ះ Atalanta ក្នុងពានរង្វាន់ UCL នៅរាត្រីនេះលោក Ole បានលើកឡើងថា ការរិះគន់អាចធ្វើឲ្យយើងអាចក្រោកឈរដោយខ្លួនឯង។ លោកតែងតែរីករាយចំពោះការរិះគន់ទាំងឡាយ ហើយបន្តឲ្យវាមកទៀតចុះ។ អ្នកកាសែត អ្នកវិភាគ អ្នកជំនាញ ទាំងអស់មានការងារខុសគ្នា។ លោកនៅទីនេះមិនមែនដើម្បីប្រឈមមុខនឹងពួកគេនោះទេ។ លោកមិនត្រូវការមានជម្លោះជាមួយនរណាម្នាក់ឡើយ។
Manchester United នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដើម្បីលេងជាមួយ Atalanta សម្រាប់ការប្រកួតទី៤ ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ Champions League។ United ពេលនេះកំពុងស្ថិតនៅកំពូលតារាងពូល F មាន៦ពិន្ទុ ខណៈ Atalanta នៅលេខ៣មាន៤ពិន្ទុ៕