អ្នកចាំទី Sergio Rico របស់​ក្លឹប Sevilla ដែល​ត្រូវ​បាន​ខ្ចីជើង​ទៅ​លេង​ពេញ​មួ​យរដូវកាល​មុន​នៅ​ក្លឹប Fulham នោះ ឥឡូវ​​នេះ​ត្រូវ​បាន​ក្លឹប Paris Saint-Germain ខ្ចីជើង​មក​លេង​​ក្នុង​រដូវកាល ២០១៩-២០២០។

photo of Sergio Rico
អ្នកចាំទី Sergio Rico

ក្លឹប Paris Saint-Germain បាន​ចុះ​កុងត្រាទិញ​អ្នកចាំទី Sergio Rico ពី​ក្លឹប Sevilla ដោយ​ផ្ដើម​ពី​ការ​ខ្ចីជើង​នៅ​រដូវកាលដំបូង។

ក្លឹប​ម្ចាស់ជើង​ឯក​លីគ​កំពូល​បារាំង​មួយ​នេះ​បាន​ចូល​ទីផ្សារ​ដើម្បី​ស្វះ​ស្វែង​រក​ទិញ​អ្នកចាំទី​ថ្មី​ម្នាក់ឱ្យ​បាន ហើយ​មាន​ព័ត៌​មាន​ពាក់ព័ន្ធ​នឹង​ការ​ចាប់អារម្មណ៍​ចង់​បាន​អ្នកចាំទី Keylor Navas របស់​ក្លឹប Real Madrid។

អ្នកចាំទី​បម្រុង Gianluigi Buffon បាន​ចាកចេញ​ពី​ក្លឹប PSG កាល​ពី​ចុង​រដូវកាលមុន ទើប​ក្លឹប​មួយ​នេះ​ចាប់ផ្ដើម​បាត់បង់ជម្រើសអ្នកចាំទី​ ខណៈ​ដែល​អ្នកចាំទី Alphonse Areola ​មិន​ត្រូវ​បានជ្រើស​រើស​ជា​អ្នកចាំទីជម្រើសទី១​ នោះទេ នៅ​ក្នុងការ​ប្រកួត​ជាមួយ​ក្លឹប Metz កាលពីថ្ងៃសុក្រ។

អ្នកចាត់ការ​ក្លឹប PSG គឺ​លោក Thomas Tuchel មុន​កា​រប្រកួតនោះ​​ដែល​ក្លឹប​ PSG បាន​ឈ្នះ​ក្នុងលទ្ធផល ២ទល់​នឹង​សូន្យ​ថា​អ្នកចាំទី Areola កំពុងឋិត​ក្នុងការ​ចរចា​​ពីលទ្ធភាព​ផ្ទេរ​ទៅ​ក្លឹប​ផ្សេងទៀត ដែលអាច​ជា​ក្លឹប Real Madrid ដើម្បី​​ PSG អាច​ទទួល​បាន Navas វិញ។

យ៉ាង​ណា​មិញ ដោយ​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បិទ​នៅ​ថ្ងៃនេះ ក្លឹប PSG ធ្វើបានសម្រេច​ក្នុងការខ្ចីជើង​​កីឡាករ Rico ដែល​ធ្លាប់​ចូល​ប្រកួត​មួយ​លើក​ក្នុងក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​មក​លេង​នៅ​ PSG រហូត​ដល់​ចុង​រដូវកាល ហើយ​មានលទ្ធភាព​ទិញ​កីឡាក​ររូបនេះ​ដាច់​តែម្ដង​នៅ​ឆ្នាំ​ក្រោយ។

Rico បាន​ចំណាយពេល​ពេញ​មួយ​រដូវកាល​មុន​ក្នុងកុងត្រាខ្ចីជើងជាមួយ​ក្លឹប Fulham ដោយ​បាន​បង្ហាញ​ខ្លួន​ចូល​លេង​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​បាន ២៩លើក​ រក្សា​បាន clean sheet ៥លើក តែគួរ​ឱ្យ​ស្ដាយ​ដែល​ Fulham ត្រូវធ្លាក់ចេញពី​លីគ​កំពូល​អង់គ្លេស។

Rico បាន​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អ្នក​យក​ព័ត៌​មាន​សម្រាប់គេហទំព័រផ្លូវការ​របស់​ក្លឹប PSG ថា៖ “ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​ដែលអាច​ចូល​រួម​ជាមួយ​ក្លឹប Paris Saint-Germain នៅ​ថ្ងៃនេះ។ ខ្ញុំ​មាន​កិត្តិយ​ស​ណាស់​ដែលអាច​មានឱកាស​ចូល​រួម​ជាមួយ​ក្លឹបនេះ ហើយ​ក៏​រីក​រាយ​ដែរ​ដែល​នឹង​មាន​​ឱកាស​ប្រកួត​រួមគ្នាជាមួយ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​មួយចំនួន​”៕