Pedri ថា ពេញចិត្តខ្លាំងនឹងនៅ Barca ក្រោយធ្លាប់ត្រូវបាន Real Madrid បដិសេធ
ខ្សែបម្រើ Pedri បានរៀបរាប់ទៅកាន់សារព័ត៌មាន El Partidazo de COPE ក្នុងថ្ងៃនេះពីបទពិសោធន៍ដែលគេធ្លាប់ត្រូវបានក្លឹប Real Madrid បដិសេធ និងភាពពេញចិត្តនៅក្លឹប Barcelona ។

Pedri បាននិយាយថា៖” ខ្ញុំធ្លាប់ទៅកាន់ក្លឹប Real Madrid ដើម្បីហ្វឹកហាត់សាកល្បង ដោយពេលទៅដល់ហ្នឹងដំបូងខ្ញុំហ្វឹកហាត់អត់កើតទេ ដោយសារតែមានព្រិលនៅទីលាន។ ខ្ញុំទៅហាត់បាន៣ថ្ងៃ ពួកគេក៏ឲ្យខ្ញុំទៅហ្វឹកហាត់ជាមួយក្រុម B ហើយក្រោយមកពួកគេក៏និយាយថា កម្រិតរបស់ខ្ញុំគឺអត់ទាន់គ្រប់គ្រាន់នឹងនៅក្លឹបហ្នឹងទេ “។
កីឡាករនេះបន្តថា៖” និយាយទៅយើងមិនចង់ឲ្យនរណាមួយបដិសេធយើងនោះទេ ប៉ុន្តែដោយសារតែអញ្ចឹងហើយវាលើកទឹកចិត្តឲ្យយើងគិតថាបើពួកគេមិនចង់បាន យើងខិតខំហ្វឹកហាត់ឲ្យខ្លាំងទៅ នឹងមានអ្នកណាផ្សេងចង់បានយើងជាមិនខាន។ ឥឡូវនេះគឺជាក់ស្ដែងហើយ ខ្ញុំនៅកន្លែងដែលខ្ញុំចង់ទៅ។ ខ្ញុំមិនដែលជួបនរណាដែលបដិសេធខ្ញុំទៀតទេ។ និយាយទៅខ្ញុំចង់និយាយទៅអ្នកដែលធ្លាប់បដិសេធខ្ញុំនោះថា ឥឡូវនេះខ្ញុំពេញចិត្តនឹងនៅ Barcelona នេះខ្លាំងណាស់ “។
Pedri បានផ្លាស់មក Barca នៅឆ្នាំ២០២០ ដោយនៅក្នុងរដូវកាលនេះ គេចូលរួមបាន ១៨ប្រកួតហើយ និងរកបាន ៣គ្រាប់៕