អ្នក​ចាត់​ការ​របស់ Manchester City លោក Pep Guardiola បាន​បង្ហាញ​កាយវិការ​ខឹងសម្បា​ជា​ខ្លាំង​​លើ​ Riyad Mahrez បន្ទាប់​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ធ្វើ​ឲ្យ​ខាត​​ឱកាស​រក​គ្រាប់​បាល់​លើ​ក្រុម​ Real Madrid។

Pep Guardiola
Pep Guardiola

​Man City បាន​យក​ឈ្នះ Real ក្នុង​លទ្ធផល ៤-៣ សម្រាប់​ជើង​ទី​មួយ​នៃ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Champions League។ City បាន​នាំ​មុខ ២-០ ត្រឹម​​១១​នាទី​ដំបូង​ ធ្វើ​បាន​ដោយ​ Kevin De Bruyne និង Gabriel Jesus ក្នុង​កីឡដ្ឋាន Etihad Stadium។

នាទី​ទី​២៦​ City មាន​ឱកាស​អាច​នាំ​មុខ ៣-០ ប៉ុន្តែ Mahrez ធ្វើ​ឲ្យ​ខាត​ឱកាស​ព្រោះ​តែ​កម្នាញ់​បាល់​ខ្លាំង​ពេក។ ឱកាស​នោះ​កើត​ឡើង​ពេល​ដែល​ City ព្យាយាម​ប្រយុទ្ធ​វាយបក​ហើយ​បាល់​ជាប់​ជើង​របស់ Mahrez ខណៈ De Bruyne និង Phil Foden កំពុង​ឈរ​ចាំ​គាំទ្រ​នៅ​កណ្ដាល។

ប៉ុន្តែ​ដោយ​ចិត្ត​ចង់​ទាត់​ កីឡាករ​សញ្ជាតិ​អាល់ហ្សេរី​​​បាន​សម្រាប់​ចិត្ត​ទាត់​ខ្លួន​ឯង ប៉ុន្តែ​មិន​ចូល​នោះ​​ទេ​ ធ្វើ​ឲ្យ​លោក Guardiola ខឹង​ជា​ខ្លាំង។

យ៉ាងណា​មិញ ចប់​ការ​ប្រកួត​ក្រុម​លោក Pep នៅ​តែ​ធ្វើ​បាន​ល្អ​រក​បាន​ជ័យជម្នះ ៤-៣ លើ Real សម្រាប់​ការ​ប្រកួត​ជើង​ទី​មួយ។ ខ្សែ​ប្រយុទ្ធ Karim Benzema របស់ Madrid នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ​សម្រាប់​រដូវ​កាល​នេះ ដោយ​យប់​មិញ​គេ​រក​បាន​២​គ្រាប់​ម្នាក់​ឯង។ រដូវ​កាល​នេះ Benzema បង្ហាញ​ខ្លួន​​បាន​៤១​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Real និង​រក​បាន​៤១​គ្រាប់៕