អ្នក​ចាត់​ការ​ Pep Guardiola បាន​បង្ហាញ​​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​សេចក្ដី​​របស់​អាជ្ញាកណ្ដាល​ក្នុង​ជំនួប​រវាង Manchester City និង Liverpool កាល​ពី​យប់​មិញ។

Pep Guardiola
Pep Guardiola

Liverpool និង City បាន​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ ក្រោយ​ប្រកួត​ស្មើ​គ្នា​ ២-២ ក្នុង​កីឡដ្ឋាន Anfield។ Sadio Mane និង Mohamed Salah ជា​អ្នក​រក​គ្រាប់​ឲ្យ​ហង្សក្រហម ខណៈ Phil Foden និង Kevin De Bruyne ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ City។

Jame Milner ដែល​ចូល​មក​លេង​នៅ​ខ្សែ​ការពារ​ស្ដាំ​ជំនួស Trent Alexander-Arnold បាន​បង្ក​កំហុស​ជា​ញឹកញយ ជា​ពិសេស​លើ Foden និង Bernado Silva ប៉ុន្តែ​​គេ​បាន​ត្រឹម​ទទួល​បាន​កាត​លឿង​មួយ​ប៉ុណ្ណោះ​ក្នុង​ប្រកួត​នេះ។ ចំណុច​នេះ​ហើយ​​បាន​​ធ្វើ​ឲ្យ​លោក Pep ខឹង​នឹង​អាជ្ញាកណ្ដាល​មែនទែន ដោយ​ចោទ​ថា​លម្អៀង​ទឹក​ដី។

ក្រោយ​បញ្ចប់​ការ​ប្រកួត​​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា Milner សម​តែ​បាន​កាត​លឿង​មួយ​ទៀត ដែល​ជា​កាត​លឿង​ទី​ពីរ​ស្មើ​កាត​ក្រហម។ ហើយ​វា​ច្បាស់​ណាស់ ប៉ុន្តែ​ដោយ​សារ​តែ​នេះ​ជា​ការ​ប្រកួត​នៅ Anfield។ ក្នុង​ស្ថានភាព​បែប​នេះ ប្រសិន​បើ​កីឡាករ City វិញ​នឹង​ត្រូវ​បណ្ដេញ​ចេញ​១០០%៕