Pep ថាបើចាញ់ប្រកួតក្រោយទៀតនោះ Liverpool នឹងលើកពានហើយ
អ្នកចាត់ការ Pep Guardiola បានលើកឡើងថា កីឡាករ Manchester City របស់លោកនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីយកឈ្នះ Liverpool លើកពាន Premier League ក្រោយខាតពិន្ទុក្នុងទឹកដីរបស់ West Ham កាលពីយប់មិញ។

ក្នុងការប្រកួតយប់មិញ ក្រោយ Jarrod Bowen រកបាន២គ្រាប់នាំមុខមុនឲ្យ West Ham នៅវគ្គទីមួយ Man City បានព្យាយាមវាយបកយ៉ាងខ្លាំងវិញនៅវគ្គទីពីររហូតតាមបាន២គ្រាប់វិញ។ គ្រាប់បាល់របស់ Jack Grealish និងការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Vladimir Coufal បានជួយ City តាមស្មើ ២-២។
ក្រុមលោក Pep ទទួលបានប៉េណាល់ទីមួយបាល់ តែខ្សែបម្រើប្រយុទ្ធ Riyad Mahrez ធ្វើមិនបានសម្រេច មិនអាចធានាទទួលបាន៣ពិន្ទុ។ ចប់ការប្រកួត City និង West Ham ទទួលបានម្នាក់មួយពិន្ទុ។
លទ្ធផលនេះធ្វើឲ្យពេលនេះ City និង Liverpool គម្លាតគ្នាតែ៤ពិន្ទុប៉ុណ្ណោះ ហើយហង្សក្រហមនឹងត្រូវប៉ះ Southampton នៅសប្ដាហ៍ទី៣៧នៅពាក់កណ្ដាលសប្ដាហ៍នេះ។
ប្រកួតណាត់ចុងក្រោយក្នុងលីគ Man City នឹងត្រូវជួប Aston Villa ដែលកំពុងដឹកនាំដោយអតីតកីឡាករ Liverpool គឺលោក Steven Gerrard។ មុនការប្រកួតនេះមកដល់លោក Pep បាននិយាយថា ក្រុមរបស់ខ្លួនត្រូវតែឈ្នះដើម្បីក្លាយជាជើងឯក។
ប្រសិនបើមិនឈ្នះទេ Liverpool នឹងលើកពានហើយ។ ប្រកួតចុងក្រោយ Man City នឹងធ្វើគ្រប់យ៉ាងដើម្បីអ្នកគាំទ្រ៕