Pep និយាយថានឹងព្យាយាមធ្វើឱ្យអ្នកគាំទ្រ Man City លង់នឹងបាល់ Champions League

លោក Pep Guardiola អ្នកចាត់ការ Manchester City និយាយថាត្រូវទាក់ទាញអ្នកគាំទ្រដោយបាល់ Champions League បន្ទាប់ពីក្លិបធ្វើការបោះឆ្នោតស្ទង់មតិ ហើយចេញចម្លើយថាអ្នកគាំទ្រចង់ឈ្នះពាន Premier League ជាង Champions League។
Manchester City នឹងបើកយុទ្ធនាការពានទ្វីបអឺរ៉ុបក្នុងផ្ទះជាលើកទី៩ជាប់គ្នា ទល់នឹង Dinamo Zagreb នៅម៉ោង២យប់ថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០១៩នេះ។
មុនការប្រកួតមកដល់ លោក Pep និយាយថា៖ «ខ្ញុំដឹងថាសម្រាប់អ្នកគាំទ្រ Premier League គឺរំភើបជាងគេ។ ប៉ុន្តែពាននេះ(UCL)ក៏ល្អដែរ។ ពួកយើងនឹងព្យាយាមទាក់ទាញអ្នកគាំទ្ររបស់យើងហើយនិយាយថា[យើងអាចធ្វើបាន]»។

«ពួកយើងបានធ្វើការបោះឆ្នោតស្ទង់មតិ ហើយមនុស្សម្នាចង់ឈ្នះពាន Premier League ជាង Champions League។ ខ្ញុំមិនដឹងថាហេតុអ្វីទេ តែវាជាការពិតសម្រាប់ក្លិបយើង ហើយយើងត្រូវតែទទួលយក។ ខ្ញុំគិតថាដោយសារតែពីមុនមក យើងមិនបានលេងពាននេះ។ ពួកយើងពីមុននៅផ្ទះ ផឹកស្រាក្នុងតៀម មើលការប្រកួតរបស់ Liverpool និង Manchester United»។
«ពួកយើងចង់ឈ្នះពាននេះ តែបើយើងមិនឈ្នះ ខ្ញុំនឹងមិនសម្លាប់ខ្លួននោះទេ។ Barcelona ជាក្លិបក្នុងបេះដូងខ្ញុំ។ ពួកគេបានឈ្នះពាននេះក្នុងឆ្នាំ១៩៩២ តែពួកគេបានចាប់កំណើតរាប់សិបឆ្នាំមុនឈ្នះនោះ។ ខ្ញុំមានអារម្មណ៍ថាយើងខិតកាន់តែកៀកនឹងការឈ្នះពាននេះ តែពាននេះជាពានកម្រិតខ្ពស់»។
មានការរំពឹងទុកថាអ្នកគាំទ្រ៤៨,០០០ទៅ៥០,០០០នាក់នឹងចូលទស្សនាផ្ទាល់ការប្រកួតយប់នេះ ខណៈសំបុត្រនៅតែសល់សម្រាប់លក់នៅឡើយ ដោយតម្លៃចាប់ពី២០ផោនឡើងទៅសម្រាប់មនុស្សពេញវ័យ។
Man City ធ្លាប់ធ្វើបានល្អបំផុតក្នុងពានទ្វីបអឺរ៉ុបនេះដោយឡើងដល់វគ្គ៤ក្រុមចុងក្រោយក្នុងឆ្នាំ២០១៦ក្រោមការដឹកនាំរបស់លោក Manuel Pellegrini ថ្វីបើពួកគេត្រួតត្រាពានក្នុងស្រុកនិងរកបានពិន្ទុយ៉ាងលើសលប់ក្នុង Premier League ក្ដី៕