Pep សន្យាថានឹងធានាសុវត្ថិភាព ពេលឡានក្រុង Liverpool មកដល់ទឹកដី Etihad
លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានសន្យាថា ឡានក្រុងដឹកកីឡាកររបស់ក្រុមហង្សក្រហម Liverpool នឹងចូលមកដល់បរិវេនកីឡដ្ឋាន Etihad ដោយសុវត្ថិភាព។

ពិតណាស់ ពីការប្រកួតជើងទី1 វគ្គ8ក្រុមចុងក្រោយ ពានរង្វាន់ Champions League គ្រាដែល Liverpool លទ់ម្ចាស់ផ្ទះ Manchester City 3-0 ពេលនោះប្រិយមិត្ដរបស់ក្រុមហង្សក្រហម បានយកវត្ថុរឹង និងរបស់ផ្សេងៗគប់ទៅលើឡានដឹកកីឡាកររបស់ក្រុម Man City ដែលធើ្វឲ្យកីឡាករ មន្រ្ដីបុគ្គលិកទាំងមូលមានអារម្មណ៍ភ័យខ្លាច ទោះក្រុមមន្រ្ដីប៉ូលីសព្យាយាមហាមឃាត់យ៉ាងណាក៏ដោយ។

គ្រូបង្វឹកសញ្ចាតិអេស្ប៉ាញរូបនេះបានអះអាងថា៖ «នឹងមិនមានការសងសឹក ចំពោះរឿងអ្នកគាំទ្រ Liverpool គប់រថយន្តក្រុមរបស់ពួកគេនៅ Anfield កាលពីសប្ដាហ៍មុនទេ។ វានឹងមិនមានរឿងអ្វីកើតឡើងទេ មិនបាច់សួរខ្ញុំទេ។ ចាប់តាំងពីខ្ញុំមកទីនេះ វាមិនដែលមានរឿងបែបនេះកើតឡើងនៅ Etihad ទេ។ គូប្រកួតមកដល់ទីនេះ តែងតែមានសុវត្ថិភាពជានិច្ច»៕

ប្រភពពី៖ Thesun