Pique និយាយថាកីឡាករ Barcelona បានធ្វើការលះបង់ធំមួយដើម្បីជួយក្លិបយក Neymar មកវិញ
ខ្សែការពារ Gerard Pique និយាយថាកីឡាករ Barcelona បានសុខចិត្តពន្យារការបើកប្រាក់ខែ ប្រសិនបើវានឹងជួយសម្រួលដល់ការទិញ Neymar ត្រលប់ពី Paris St Germain មកវិញក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ។
អំឡុងទីផ្សារដោះដូររដូវក្ដៅកន្លងទៅ Barcelona បានធ្វើគ្រប់យ៉ាងដែលអាចទៅរួចដើម្បីនាំយក Neymar ត្រលប់មក Camp Nou វិញ ប៉ុន្តែចុងបញ្ចប់ការផ្ទេរមិនអាចសម្រេចទៅបានដដែល។

អតីតសមាជិក Manchester United ពីឆ្នាំ២០០៤ដល់២០០៨ Pique ទម្លាយឱ្យដឹងថាកីឡាករ Barca ទាំងអស់បានសុខចិត្តពន្យារពេលបើកលុយ ដើម្បីជួយក្លិបកុំឱ្យបំពានច្បាប់កំហិតការចាយវាយ Financial Fair Play ដើម្បីទិញ Neymar ត្រលប់មកវិញ។

កីឡាករវ័យ៣២ឆ្នាំដែលគាំទ្រការផ្ដាច់ខ្លួនរបស់តំបន់ស្វយ័តកាតាឡូនីញ៉ា និយាយតាមវិទ្យុអេស្ប៉ាញ Cadena Ser ថា៖ «ពួកយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចរាល់ដើម្បីកែប្រែកិច្ចសន្យារបស់ពួកយើង។ ពួកយើងមិនបរិច្ចាគលុយទេ ប៉ុន្តែពួកយើងជួយសម្រួលឱ្យកាន់តែងាយស្រួលដល់ក្លិបដោយអនុញ្ញាតឱ្យក្លិបចាំបង់លុយមួយចំនួនដល់ពួកគេនៅឆ្នាំទី២ឬឆ្នាំទី៣ជំនួសឱ្យឆ្នាំទី១»។

សូមរំឭកថា Neymar បានចាកចេញពី Barcelona ក្នុងឆ្នាំ២០១៧ បន្ទាប់ពី PSG បង់លុយផ្ដាច់កុងត្រាតម្លៃ២២២លានអឺរ៉ូ (២០០លានផោន) ដែលជាតម្លៃឯតទគ្គកម្មក្នុងប្រវត្តិសាស្ត្របាល់ទាត់។
គួរបញ្ជាក់ផងដែរថា ក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ Barca បានចាយជាង២០០លានផោនលើការនាំចូលសមាជិកថ្មី រួមទាំងខ្សែបម្រើហុល្លង់ Frenkie de Jong ពី Ajax និងខ្សែប្រយុទ្ធបារាំង Antoine Griezmann ពី Atletico Madrid៕