Pogba ខ្សឹបប្រាប់មិត្តរួមក្រុមលែងចង់នៅ Man Utd ទៀតហើយ
ខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba ត្រូវបានរាយការណ៍ថាបានប្រាប់មិត្តរួមក្រុម គេនឹងចាកចេញពីក្លឹបនៅបញ្ចប់រដូវកាលនេះ ហើយថែមទៀតបានចាកចេញពី Group WhatsApp របស់ក្រុមទៀតផង។

អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បានបញ្ជាក់ថា Pogba នឹងត្រូវសម្រាករហូតដល់ចប់រដូវកាល បន្ទាប់ពីមានរបួសក្នុងការប្រកួតចាញ់ Liverpool លិទ្ធផល ៤-០ កាលពីសប្ដាហ៍មុន។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ២៩ឆ្នាំជាមួយ United នឹងត្រូវអស់នៅរដូវក្ដៅនេះ ហើយគេកំពុងចង់ចាកចេញក្នុងនាមជាកីឡាករទំនេរ។
យោងតាម Daily Mirror ឲ្យដឹងថា Pogba បានប្រាប់មិត្តរួមក្រុម គេកំពុងស្ថិតលើផ្លូវរបស់គេក្នុងរដូវក្ដៅនេះ ហើយគេថែមទាំងបានចាកចេញពី Group WhatsApp របស់ក្រុមដែលទុកទាក់ទងគ្នាទៀតផង។ កីឡាករសញ្ជាតិបារាំងទទួលបានសំណើកុងត្រាពីរពីក្លឹប Real Madrid ណិង PSG។
Pogba គឺជាកីឡាករដែល Man United ទិញមកក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប៨៩លានផោន ផ្ទេរពី Juventus កាលពីឆ្នាំ២០១៦។ ៦រដូវកាលជាមួយក្លឹបគេបានជួយឈ្នះពាន League Cup ម្ដងនិង Europa League ម្ដង៕