​​ខ្សែ​បម្រើ Paul Pogba ទម្លាយ​ពី​បញ្ហា​​៣​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​គេ​បាន​ជួប​នៅ​ក្នុង​ក្លិប Manchester United មុន​​ពេល​មក​ត្រលប់​មក​ចូលរួម​ជាមួយ Juventus។

Paul Pogba
Paul Pogba

កីឡាករ​សញ្ជាតិ​បារាំង​វ័យ​២៩​ឆ្នាំ​​ជឿជាក់​ថា បញ្ហា​របួស ការ​ផ្លាស់​ប្ដូរ​អ្នក​ចាត់​ការ​ច្រើន​ពេក និង​​តំណែង​លេង​លើ​ទីលាន​ ទើប​ធ្វើ​ឲ្យ​គេ​បញ្ចប់​ការ​រួមរស់​​នៅ​កីឡដ្ឋាន Old Trafford។ ប៉ុន្តែ​ Pogba បញ្ជាក់​ថា បញ្ហា​ទាំង​អស់​នេះ​បាន​ជួយ​ឲ្យ​គេ​រីកចម្រើន និង​ក្លាយ​ជា​បុរស​ម្នាក់។

Pogba ឈ្នះ​ពាន​បាន​តែ​​២​ប៉ុណ្ណោះ​​ជាមួយ​​បិសាច​ក្រហម​គឺ Europa League និង League Cup ក្នុង​រដូវ​កាល​២០១៦-១៧។ ត្បិត​តែ​មាន​ការ​ទាក់ទង​ពី Real Madrid និង PSG ប៉ុន្តែ​ Pogba នៅ​តែ​ចាត់​ទុក Juventus ជា​ជម្រើស​ដំបូង​របស់​ខ្លួន។

និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ដើម​សប្ដាហ៍​ សមាជិក​ជួយ​បារាំង​ឈ្នះ​ពាន World Cup ២០១៨ លើក​ឡើង​ថា ពេល​ដែល​កំពុង​លេង​នៅ United គេ​នៅ​​តែ​មាន​ទំនាក់ទំនង​ជាមួយ​លោក Max Allegri។ គេ​ទទួល​បាន​​សំណើ​ជា​ច្រើន​ ប៉ុន្តែ​​ក្នុង​បេះដូង​របស់​គេ​​បាន​ជ្រើសរើស Juventus។ នៅ United គេ​មាន​បញ្ហា​ច្រើន​​ជា​ពិសេស​រឿង​របួស ការ​ប្ដូរ​អ្នក​ចាត់​ការ (៥​នាក់) និង​តំណែង​លេង​លើ​ទីលាន៕