Pogba នឹងបន្តស្នាក់នៅក្លិប Man United ប្រសិនលោកគ្រូ Rangnick បន្តដឹកនាំ
ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍មកថា Paul Pogba នឹងបន្តស្នាក់នៅក្លិបបិសាចក្រហម Manchester United ប្រសិនបើ លោកគ្រូ Ralf Rangnick នៅទទួលបន្ទុកដឹកនាំក្រុម។

Pogba វ័យ២៨ឆ្នាំ មិនទាន់ចូលលេងសូម្បីម្ដង ក្រោមការដឹកនាំរបស់លោក Rangnick ដែលមកជំនួសលោក Ole Gunnar Solskjaer តាំងពីខែធ្នូមក ដោយសារតែរូបគេ កំពុងសម្រាកព្យាបាលរបួស។
យ៉ាងណាមិញ អនាគតរបស់ខ្សែបម្រើសសញ្ជាតិបារាំងខាងលើ នៅ Man UTD កំពុងស្ថិតក្នុងស្ថានភាពស្រពេចស្រពិល ដោយនៅសល់ត្រឹម៥ខែទៀតប៉ុណ្ណោះ កុងត្រាបច្ចុប្បន្នរូបគេ នឹងផុតសុពលភាពហើយ។ ជាមួយគ្នានេះ បើតាមរបាយការណ៍កន្លងមក Pogba បានបដិសេធសំណើកុងត្រាថ្មីពីក្លិប កាលពីរដូវក្ដៅឆ្នាំមុន ដូច្នេះមានន័យថា រូបគេអាចនឹងត្រូវចែកផ្លូវជាមួយក្លិបបិសាចក្រហម ដោយគ្មានតម្លៃខ្លួននាខែមិថុនាខាងមុខ។
ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់កាសែត The Sun កីឡាករ Paul Pogba មានការចាប់អារម្មណ៍យ៉ាងខ្លាំង នឹងសមត្ថភាពរបស់លោក Rangnick ដោយគាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការកាន់ប៊ិចចុះកុងត្រាថ្មី។
គួររម្លឹកដែរថាPogba ត្រូវបាន Man UTD នាំចូលពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃបំបែកកំំណត់ត្រាក្លិប ៨៩លានផោន (ឬប្រមាណ១១៩លានដុល្លារ) កាលពីខែសីហា ឆ្នាំ ២០១៦។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យបិសាចក្រហមបាន២១៩ប្រកួត ស៊ុតបញ្ចូលទីបាន ៣៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៤៩ដង៕