ខ្សែ​បម្រើ​របស់​ក្លឹប Manchester United កីឡាករ Paul Pogba បាន​និយាយ​ថា ផ្ទះ​របស់​គេ​ត្រូវ​បាន​ចោរ​ចូល អំឡុង​ពេល​​​ក្រុម​របស់​គេ​លេង​នៅ​ Champions League ទល់​នឹង AT Madrid កាល​ពី​ថ្ងៃ​អង្គារ។

Paul Pogba
Paul Pogba

ក្នុង​ការ​ប្រកួត​ខាង​លើ​​ កីឡាករ​សញ្ជាតិ​បារាំង​​បាន​ប្ដូរ​ចូល​​នៅ​នាទី​៦៧ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​បាន​ឡើយ ដោយ​ Man United ចាញ់ AT Madrid ក្នុងលិទ្ធផល ១ ទល់នឹង ០ អស់​ឱកាស​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ។ រឿង​ដែល​ស៊យ​មួយ​ទៀត ក្នុង​យប់​ជាមួយ​គ្នា​នោះ​ផ្ទះ​របស់ Pogba ត្រូវ​ចោរ​ចូល ខណៈ​កូន​ៗ​របស់​គេ​​​កំពុង​ដេក​ក្នុង​ផ្ទះ។

Pogba បាន​និយាយ​ថា វា​ជា​សុបិន​អាក្រក់​សម្រាប់​គ្រួសារ​របស់​គេ ពេល​ដែល​ថា​មាន​ចោរ​ចូល​ផ្ទះ ខណៈ​កូន​ៗ​​កំពុង​ដេក​ក្នុង​​​បន្ទប់។ រូប​គេ​និង​ប្រពន្ធ​បាន​ប្រញាប់​ទៅ​ផ្ទះ​​យ៉ាង​លឿន ទាំង​មិន​ដឹង​ថា​កូន​ៗ​មាន​សុវត្ថិភាព​​យ៉ាងណា​នោះ​ទេ។ ក្នុង​នាម​ជា​ឪពុក​​គ្មាន​អាក្រក់​ណា​ខកចិត្ត​ជាង​​មិន​បាន​មើល​ថែ​កូន​ៗ​របស់​ខ្លួន​នោះ​ទេ។ គ្មាន​ការ​បញ្ជាក់ថា ផ្ទះ​របស់ Pogba បាត់បង់​​ទ្រព្យ​អ្វី​ខ្លះ​ទេ។

កាល​ពី​ខែ​មករា​កន្លង​ទៅ ប្រពន្ធ​របស់​ខ្សែ​ការពារ Victor Lindelof ធ្លាប់​និយាយ​ថា ផ្ទះ​របស់​នាង​​ត្រូវ​ចោរ​ចូល ពេល​ដែល​ប្ដី​ទៅ​ប្រកួត​ទល់​នឹង Brenford។ ក្លឹប Manchester United ពេល​នេះ​កំពុង​​ធ្វើ​ការ​ជាមួយ​កីឡាករ​ទាំង​អស់​ដើម្បី​ត្រួត​ពិនិត្យ​ និង​​ពង្រឹង​សន្តិសុខ​នៅ​ផ្ទះ៕