​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​កោះហៅ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ចូល​ជម្រើស​ជាតិ ​ដែល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Paris Saint-Germain ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។

Lionel Messi
Lionel Messi

​Messi ​បាន​ខកខាន​ការ​ប្រកួត​២​ប្រកួត​មក​ហើយ​ឱ្យ​ក្រុម PSG ​ដោយ​សារ​តែ​មាន​បញ្ហា​របួស​ជង្គង់។ ​តែ​យ៉ាង​នេះ​ក្ដី ​ក្រុម​អាហ្សង់ទីន​នៅ​តែ​ចុច​ឈ្មោះ​ប្រធាន​ក្រុម​រូប​នេះ​ឱ្យ​ចូល​ជួយ​ដដែល​សម្រាប់​ការ​ប្រកួត​ជម្រុះ Word Cup ​នៅ​តំបន់​អាមេរិក​ឡាទីន​ខាង​មុខ​នេះ។ ដោយ​ការ​ប្រកួត​នោះ ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​២​គឺ​ប្រេស៊ីល ​និង​អ៊ុយរុយហ្គាយ​ផង​។ ការ​ហៅ Messi ​ទៅ​លេង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ PSG ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ព្រោះ​ពួកគេ​ខ្លាច​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​ត្រលប់​មក​វិញ​កាន់​តែ​របួស​ធ្ងន់​លើស​ដើម។

​បើ​ទោះ​ជា​អន់​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ​ក៏​ក្រុម PSG ​មិន​មាន​សិទ្ធិ​អ្វី​ដើម្បី​ឃាត់ Messi ​បាន​ដែរ។ ​ក្លឹប​អ្នក​មាន​បារាំង​នេះ ​អំឡុង​ពេល​ចុះ​កុងត្រា​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ពួកគេ​នឹង​ឱ្យ​អតីត​កីឡាករ Barcelona ​អាច​ទៅ​លេង​នៅ​ជម្រើស​ជាតិ​បាន​គ្រប់​ពេល ព្រោះ​ការ​ប្រកួត​អន្ដរជាតិ​ជា​រឿង​សំខាន់​សម្រាប់​កីឡាករ​អាហ្សង់ទីន​រូប​នេះ៕