photo of Sergio Rico
អ្នកចាំទីអេស្ប៉ាញ Sergio Rico

ក្លិប Paris Saint-Germain បាននាំយកអ្នកចាំទីអេស្ប៉ាញ Sergio Rico ពី Sevilla លើកិច្ចសន្យាខ្ចី១រដូវកាលកាល អមដោយជម្រើសទិញផ្ដាច់។

Rico វ័យ២៦ឆ្នាំ បានចំណាយរដូវកាល២០១៨-១៩លេងក្នុងក្របខ័ណ្ឌ Premier League សម្រាប់ Fulham លើកិច្ចសន្យាខ្ចី ហើយបានចូលលេង២៩ប្រកួត ខណៈ Fulham ត្រូវបានកាត់ទម្លាក់ទៅ Championship។

កីឡាករដែលធ្លាប់លេងឱ្យជម្រើសជាតិអេស្ប៉ាញបានម្ដងក្នុងឆ្នាំ២០១៦ បានចូលលេងឱ្យ Sevilla ១៦០ប្រកួតអំឡុងពេលឡើងពីថ្នាលយុវជនចូលក្រុមធំក្លិបនេះ៤ឆ្នាំ។

PSG ក្នុងរដូវកាល២០១៩-២០នេះ បានដាក់អ្នកចាំទីជម្រើសជាតិបារាំង Alphonse Areola ចូលលេង៣លើក និងអ្នកចាំទីវ័យក្មេងប៉ូឡូញ Marcin Bulka ចូលលេង១លើក ក្រោយការចាកចេញរបស់ Gianluigi Buffon កាលពីខែកក្កដា។ ក្រុមលោក Thomas Tuchel កំពុងឈរលេខ១ក្នុងតារាង Ligue 1 បន្ទាប់ពីឈ្នះ៣ប្រកួតនិងចាញ់១ប្រកួតពី៤ប្រកួតដំបូង៕