photo of neymar
neymar of PSG

ពាក្យ​ចចាមអារ៉ាម​ដែល​ថា Neymar នឹង​ចូល​រួម​ជាមួយ Real Madrid បាន​កម្រើក​ឆាប​ឆួល​យ៉ាង​ខ្លាំង​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​សារព័ត៌មាន Goal បាន​ចុះ​ផ្សាយ​ថា ក្លឹប​បារាំង PSG នឹង​ព្រម​លក់​ Neymar ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ បើ​សិន​ជា​កីឡាករ​ប្រេស៊ីល​រូប​នេះ អាច​ជួយ​ក្លឹប​ឲ្យ​ស្គាល់​ជាតិ​ពាន​ Champions League ក្នុង​រដូវ​កាល​នេះ។

យោង​តាម​ Goal បាន​អះអាង​ថា ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi បាន​សន្យា​ជាមួយ​ខ្សែ​ប្រយុទ្ធ Neymar ថា​ នឹង​ព្រម​ឲ្យ​កីឡាករ​ប្រេស៊ីល​ចូល​រួម​ជាមួយ Real Madrid នៅ​អំឡុង​ខែ​ក្ដៅ​នេះ បើ​សិន​ជា​គេ​អាច​ជួយ​ក្លឹប​ឲ្យ​ឈ្នះ Champions League ក្នុង​រដូវ​កាល​នេះ។

ពាក្យ​ចចាមអារ៉ាម​នេះ លេច​ឡើង​ស្រប​ពេល​ដែល​ Real Madrid កំពុង​មាន​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​ក្នុង​រដូវ​កាល​នេះ។ ក្លឹប​ទើប​តែ​ត្រូវ​បាន​ទម្លាក់​ដោយ​ក្លឹប Leganes ក្នុង​កម្មវិធី Copa Del Rey កាល​ពី​យប់​មិញ ខណៈ​កំពុង​ស្ថិត​នៅ​​លេខ ៤​ក្នុង​តារាង​លីគ La Liga ឃ្លាត​ដល់​ទៅ ១៩​ពិន្ទុ ពី​ក្លឹប Barcelona ដែល​កំពុង​ឈរ​លេខ ១។ កីឡាករ​ប្រយុទ្ធ​របស់​ក្លឹប ពោល​គឺ Cristiano Ronaldo (៦គ្រាប់), Karim Benzema (២គ្រាប់) និង Gareth Bale (៦គ្រាប់) ហាក់​បង្ហាញ​ទម្រង់​លេង​មុខ​ទី​មិន​សូវ​ល្អ ក្នុង​រដូវ​កាល​នេះ។

photo of Florentino Perez
Florentino Perez president of Real Madrid C.F

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​មាន​របាយការណ៍​ជាច្រើន បាន​អះអាង​ស្របគ្នា​ថា Real Madrid ចង់​ដោះស្រាយបញ្ហាប្រព័ន្ធប្រយុទ្ធរបស់ខ្លួន តាមរយៈការទិញចូល​ Neymar ។ លើសពី​នេះទៀត កាល​ពី​ចុង​ឆ្នាំ​ទៅ ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​សារភាព​ថា ក្លឹប​ពិត​ជា​ចាប់​អារម្មណ៍ Neymar ហើយ​ហ៊ាន​ទាំង​ព្រលយ​ថា បើ​កីឡាករ​ប្រេស៊ីល​ចង់​ឈ្នះ Ballon D’or គួរ​តែ​មក​ចូល​រួម​ក្លឹប​លោក។

គួរ​រំលឹក​ឡើងវិញថា Neymar ទើប​តែ​ធ្វើ​ឲ្យ​កក្រើក​ពិភព​បាល់ទាត់​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ប៉ុណ្ណោះ បន្ទាប់​ពី​កីឡាករ​រូប​នេះ សម្រេច​ចិត្ត​ក្នុង​ការ​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ទៅ​ចូល​រួម​ជាមួយ PSG នៅ​បារាំង​ ក្នុង​តម្លៃ​ផ្ទេរ​ ២២២លាន​អឺរ៉ូ ដែល​ជា​តម្លៃ​ផ្ទេរ​ដ៏​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់ទាត់។

ប្រភព៖ goal