ក្រុម Paris Saint-Germain ​ទំនង​ជា​គេច​មិន​ផុត​ពី​ការ​លក់​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ចេញ​នោះ​ទេ ​ក្រោយ​ពី​សាមី​ខ្លួន​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​ទាល់​តែ​សោះ។

Kylian Mbappe
Kylian Mbappe

​បើ​យោង​តាម​ប្រភព​នៅ​បារាំង ​បាន​បញ្ជាក់​ថា​ក្រុម PSG ​ព្យាយាម​អស់​ក្បាច់​ហើយ​ដើម្បី​បន្ដ​កុងត្រា​ឱ្យ Mbappe ​ទៀត ព្រោះ​រូបគេ​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​ចាស់​ទៅ​ហើយ។ ​តែ​ទោះ​ជា​មាន​ការ​ចរចា​ច្រើន​ដង​យ៉ាងណា តំឡើង​ប្រាក់​ឈ្នួល​យ៉ាង​ណា ក៏ ​Mbappe ​នៅ​តែ​សម្រេច​ចិត្ត​មិន​បន្ដ​កុងត្រា​ថ្មី​ដដែល។ ​ដោយ​នេះ​បញ្ជាក់​ថា​រូបគេ​ពិត​ជា​ចង់​ទៅ​លេង​នៅ Real Madrid ​មែនទែន​ហើយ។

​ខណៈ​ដែល​ក្រុម​អធិរាជ​ស​វិញ ​គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​យក​ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ ​ព្រោះ​ក្លឹប​នេះ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ដោយ​កាល​ពី​ថ្មី​ៗ​នេះ ​ក៏​មាន​ដំណឹង​ថា​ក្រុម Real Madrid ​បាន​ស្នើ​ទិញ​ជា​លើក​ដំបូង​ដែរ​ក្នុង​តម្លៃ​១៦០​លាន​អឺរ៉ូ តែ​នៅ​មិន​ទាន់​មាន​ការ​តប​ពី​ខាង PSG ​វិញ។

ប្រធាន​ក្លឹប​ PSG តែងតែ​និយាយ​ថា​មិន​លក់​រហូត​ទោះ​ជា​គេ​នៅ​សល់​កុងត្រា​១​ឆ្នាំ​ចុង​ក្រោយ​ក៏​ដោយ។ ​លោក​ជឿ​ជាក់​ថា​នៅ​ចុង​បញ្ចប់ Mbappe ​នឹង​សម្រេច​ចិត្ត​ជា​ថ្មី ​បន្ដ​កុងត្រា​ជាក់​ជា​មិន​ខាន។ ដោយ​ឡែក​ក្រុម Real Madrid ​ក៏​នៅ​មាន​ជម្រើស​១​ទៀត​ដែរ ពោល​គឺ​បើ PSG ​មិន​លក់​ពេល​នេះ​ទេ ​នោះ​នៅ​រដូវ​កាល​ក្រោយ Real Madrid ​ចរចា​តែ​ជាមួយ​សាមី​ខ្លួន​គឺ​បាន​ហើយ ​និង​មិន​ចាំ​បាច់​ចំណាយ​ដល់​១៦០​លាន​អឺរ៉ូ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​ថ្មី​នោះ​ទេ។

​សរុប​ជា​រួម​មក​ការ​មិន​ព្រម​ត​កុងត្រា​របស់ Mbappe ​នឹង​ធ្វើ​ឱ្យ PSG ​ពិបាក​សម្រេច​ចិត្ត​មិន​ខាន ព្រោះ​បើ​មិន​លក់​ពេល​នេះ​ទេ ​នៅ​រដូវ​កាល​ក្រោយ​កីឡាករ​បារាំង​នឹង​ដើរ​ចេញ​ដោយ Free Free ​ហើយ៕​