ក្លិបតោខៀវ Chelsea ទិញបានខ្សែបម្រើវ័យក្មេង Christian Pulisic ពីក្លិប Borussia Dortmund ក្នុងតម្លៃ៦៤លានអឺរ៉ូ (៧៣.២លានដុល្លារ)។

photo of Christian Pulisic
Christian Pulisic នឹង​នៅ​បន្ត​លេង​ឱ្យ Dortmund សិន ទោះ​បី​ត្រូវ​បាន Chelsea ទិញ​​ហើយ​ក្ដី

ប៉ុន្តែសមាជិកក្រុមជម្រើសជាតិអាមេរិកវ័យ២០ឆ្នាំរូបនេះនឹងនៅលេងឱ្យ Dortmund លើកិច្ចសន្យាខ្ចីរហូតដល់ចប់រដូវកាល២០១៨-១៩។តម្លៃផ្ទេរនេះជាតម្លៃខ្ពស់បំផុតរបស់កីឡាករអាមេរិក ហើយវាបានបំបែកកំណត់ត្រាដែល Wolfsburg ទិញ John Brooks ក្នុងតម្លៃ២០លានអឺរ៉ូក្នុងឆ្នាំ២០១៧។

នាយកកីឡារបស់ Dortmund លោក Michael Zorc និយាយថាវាជាក្ដីស្រមៃដ៏ធំរបស់ Pulisic ជាយូរមកហើយក្នុងការលេងនៅ Premier League។ ដោយសារតែ Pulisic មានក្ដីប្រាថ្នាច្បាស់លាស់ក្នុងការទៅលេងនៅលីគកំពូលអង់គ្លេស ស្របពេល Chelsea ផ្ដល់សំណើតម្លៃខ្ពស់ផងនោះ Dortmund ក៏សម្រេចចិត្តទទួលយក។

សូមបញ្ជាក់ថា Pulisic បានចូលរួម Dortmund ក្នុងនាមជាកីឡាករយុវជនក្នុងឆ្នាំ២០១៥។ គេក៏ធ្លាប់ត្រូវបានភ្ជាប់នឹងការចង់បានរបស់ Liverpool និង Arsenal ផងដែរ។Pulisic ចូលលេងក្នុងក្របខ័ណ្ឌ Bundesliga លើកដំបូងក្នុងខែមករាឆ្នាំ២០១៦ ក្នុងវ័យ១៧ឆ្នាំ ហើយ២ខែក្រោយមក គេជាប់ជម្រើសជាតិអាមេរិកនិងបានចូលលេងលើកដំបូង។

photo of Christian Pulisic
photo of Christian Pulisic

មកទល់ពេលនេះ Pulisic លេងឱ្យ Dortmund បាន៨១ប្រកួត ក្នុងលីគកំពូលអាល្លឺម៉ង់ និង២០ប្រកួតក្នុងពាន Champions League។ ក្នុងរដូវកាលនេះ គេរកបាន៣គ្រាប់ពីការចូលលេង១៨ដងសម្រាប់ Dortmund។នៅក្រុមជម្រើសជាតិវិញ គេចូលលេងបាន២៣ដងរួចហើយ និងរកបាន៩គ្រាប់៕