Rangnick ថា Ronaldo នឹងនៅ Man Utd បន្តទៀតនៅរដូវកាលក្រោយ
ចាប់តាំងពីក្លឹប Manchester United មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជា លោក Erik Ten Hag នឹងក្លាយជាអ្នកចាត់ការថ្មីនៅរដូវកាលខាងមុខ សារព័ត៌មានជាច្រើនចុះផ្សាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនបន្តជាមួយក្រុមនេះទៀតទេ។

យ៉ាងណា លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Man Utd បាននិយាយទៅកាន់ Stadium Astro នៅក្នុងថ្ងៃនេះថា តាមអ្វីដែលលោកដឹង Ronaldo នឹងនៅបន្តក្រុមបិសាចនៅរដូវកាលក្រោយទៀត។
លោក Rangnick បាននិយាយថា៖” ខ្ញុំគិតថា រឿងអីដែល Ronaldo ត្រូវលាគ្នាចាកចេញពី Man Utd? គេនៅមានកុងត្រា១ឆ្នាំទៀត ហើយអ្វីដែលខ្ញុំបានដឹងមកទល់នឹងពេលនេះគឺ គេនឹងនៅទីនេះបន្តទៀតនៅរដូវកាលក្រោយ “។
ក្រោយ Man Utd ឈ្នះ Brentford ៣-០ នៅក្នុងថ្ងៃនេះ Ronaldo ក៏បានចេញសារមួយដែលបានបង្ហាញឲ្យដឹងថាគេអាចនឹងនៅបន្តនៅរដូវកាលក្រោយ ព្រោះក្នុងសារនោះគឺគេបានអរគុណអ្នកគាំទ្រ ដែលនៅតែបន្តគាំទ្រក្រុមគេរហូតមកទោះជាក្រុមនេះធ្វើមិនបានល្អ ដោយគេចង់យកកេរ្តិ៍ឈ្មោះមុខមាត់ Man Utd ត្រលប់មកវិញ។
នៅក្នុងរដូវកាលនេះ Ronaldo ចូលលេងឲ្យ Man Utd បាន៣៧ប្រកួត និងស៊ុតចូល២៤គ្រាប់៕