មុន​ជួប​គ្នា​នៅ​យប់​នេះ​ អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​លោក Ralf Rangnick បាន​និយាយ​ថា Manchester United នឹង​មិន​​ធ្វើ​ដូច​ Liverpool ត្រូវ​រង​ចាំ​រហូត​​ដល់​៣០​ឆ្នាំ​​ក្នុង​ការ​ឈ្នះ​ពាន​លីគ​ឡើយ។

Ralf Rangnick
Ralf Rangnick

Liverpool នឹង​ត្រូវ​បើក​កីឡដ្ឋាន Anfield ស្វាគមន៍​​ក្រុម​បិសាច​ក្រហម Man United នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ​សម្រាប់​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League។ ហង្សក្រហម​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​ដើម្បី​បន្ត​ដំណើរ​ប្រជែង​ពាន​លីគ​ជាមួយ Manchester City ខណៈ Man United កំពុង​ខិតខំ​ប្រជែង​​ក្នុង​តំណែង Top 4។

មុន​ការ​ប្រកួត​មក​ដល់ លោក Rangnick ក៏​បាន​បោះ​ពាក្យ​សម្ដី​ខ្លះ​​ចំពោះ​​អនាគត​​ឈ្នះ​ពាន​សម្រាប់ Man United ដោយ​​មិន​នឹង​ដើរ​តាម​គន្លង Liverpool ឡើយ។ អ្នក​ចាត់​​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា United ត្រូវ​រៀបចំ​ឡើង​វិញ​ដើម្បី​អនាគត។ លោក​គិត​ថា ៣០​ឆ្នាំ​មិន​អាច​ឈ្នះ​ពាន​នឹង​មិន​កើត​ឡើង​​លើ​បិសាច​ក្រហម​ឡើយ ព្រោះ​ក្លឹប​ដឹង​ច្បាស់​នូវ​អ្វី​ដែល​ត្រូវ​ផ្លាស់ប្ដូរ។

Man United ឈ្នះ​ពាន Premier League ចុងក្រោយ​នៅ​ឆ្នាំ​២០១៣ គិត​មក​ទល់​នឹង​ពេល​នេះ​ជិត​១០​ឆ្នាំ​ហើយ។ គ្រូ​បង្វឹក​របស់​ Ajax លោក Erik Ten Hag ​នឹង​ត្រូវ​បាន​​ប្រកាស​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ Man United ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​​ព្រម​ទទួល​សំណើ​និង​ចរចា​គ្នា។ លោក​នឹង​ក្លាយ​អ្នក​ចាត់​ការ​អចិន្ត្រៃយ៍​ទី​៥ ចាប់​តាំង​ពី​ Man United ​ឈ្នះ​​ពាន​ចុងក្រោយ​ក្រោម​ការ​ដឹក​នាំ​របស់ Sir Alex Ferguson៕