​លោក Ralf Rangnick ​បាន​តែងតាំង​គ្រូ​បង្វឹក​២​នាក់​ទៀត​ដើម្បី​មក​ជួយ​ការងារ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​រយៈ​ពេល​៦​ខែ​របស់​លោក។

Chris Armas
Chris Armas

​បន្ទាប់​ពី​ដឹក​នាំ​បិសាច​ក្រហម​ប្រកួត​ដំបូង​ទទួល​បាន​លទ្ធផល​ល្អ ​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ហើយ​នោះ ​ពេល​នេះ​លោក Rangnick ​ចាប់​ផ្ដើម​ផែនការ​បន្ដ​ទៀត​ហើយ។ ​ដោយ​ក្នុង​នោះ ​លោក​បាន​ស្នើ​តែងតាំង​គ្រូ​បង្វឹក​២​នាក់​បន្ថែម​ទៀត ដើម្បី​យក​មក​ធ្វើ​ជា​កម្លាំង​បន្ថែម​ជួយ​ឱ្យ​បិសាច​ក្រហម​កាន់​តែ​រឹងម៉ាំ​និង​ខ្លាំង​លើស​ពី​មុន។ ​

លោក Chris Armas ​ដែល​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​ចាត់ការ​ក្រុម​នៅ​អាមេរិក ​នឹង​ចូល​មក​កាន់​តំណែង​ជំនួស​កន្លែង​គ្រូ​ជំនួស​របស់ Carrick។ ​ម្នាក់​ទៀត​ឈ្មោះ​ថា Sascha Lense ​ជា​គ្រូ​ចិត្ត​សាស្ត្រ​កីឡា​មាន​ឈ្មោះ​ល្បី​ម្នាក់​ផង​ដែរ។ ​ពួកគេ​ទាំង​ពីរ ​បាន​យល់​ព្រម​ធ្វើ​ការ​ឱ្យ​លោក Rangnick ​ហើយ ​នៅ​ឡើយ​តែ​ចាំ​លិខិត​ការងារ​ប៉ុណ្ណោះ ​នឹង​ចូល​ធ្វើ​ការ​ភ្លាម​ៗ​តែ​ម្ដង។

​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​បាន​បង្ហើប​ថា​លោក​មើល​ឃើញ​គ្រូ​បង្វឹក​ល្អ​ៗ​ជា​ច្រើន​ដែល​សក្ដិសម​សម្រាប់​ការងារ​ដឹក​នាំ​និង​បង្ហាត់​បង្ហាញ Man Utd ​ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ពួកគេ​មាន​ការងារ​ធ្វើ​អស់​ទៅ​ហើយ។ ​តែ​យ៉ាង​ណា​លោក​ក៏​នឹង​រក​មនុស្ស​ជំនិត​ឱ្យ​បាន​ដើម្បី​មក​ជួយ​ការងារ​ឱ្យ​ជោគជ័យ​ដែរ៕