លោក Ralf Rangnick ​បាន​ចូល​ខ្លួន​ឈរ​បញ្ជា​ក្រុម Manchester United ​ជា​លើក​ដំបូង​ហើយ​កាល​ពី​យប់មិញ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ​១-០។

Ralf Rangnick
Ralf Rangnick

​សម្រាប់​ប្រកួត​ដំបូង​នេះ​ដែរ ​ក្រៅ​ពី​ជ័យជម្នះ​ហើយ ​អ្នក​គាំទ្រ​បិសាច​ក្រហម​ក៏​កោត​សរសើរ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ផង​ដែរ ​ជា​ពិសេស​ការ​ប្រដេញ​បាល់​លឿន​ៗ​តែ​ម្ដង។ ​ត្បិត​តែ​ទើប​ហាត់​ជាមួយ​គ្រូ​ថ្មី​បាន​១​ដង ប៉ុន្តែ​ក្រុម Man Utd ​មាន​ការ​ប្រែប្រួល​ច្រើន​ទៅ​លើ​ចង្វាក់​លេង ​និង​ប្រឹង​ប្រយុទ្ធ​មិន​សម្រាក​នោះ​ទេ​ពេញ​៩០​នាទី​តែ​ម្ដង។

​ក្នុង​នោះ​ដែរ​បើ​តាម​ការ​មើល​ឃើញ​របស់​លោក Rangnick ​គឺ​លោក​សរសើរ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ជា​ខ្លាំង។ ​បុរស​វ័យ​៣៦​ឆ្នាំ​នេះ ​ត្បិត​តែ​លេង​ប្រយុទ្ធ​ទោល​ខាង​លើ​មែន ប៉ុន្តែ​នៅ​ពេល​បាត់​បាល់ គឺ​រូបគេ​រត់​ចុះ​មក​ជួយ​ខាង​ក្រោម​ជា​និច្ច។ 

ការ​ប្រជែង​បាល់​របស់ Ronaldo ​ត្រូវ​បាន​អ្នក​ចាត់ការ​អាល្លឺម៉ង់​ពេញ​ចិត្ត​ជា​ខ្លាំង ​និង​ផ្ដល់​ការ​គោរព​ចំពោះ​ទឹក​ចិត្ត​ជួយ​ក្រុម​ពី​សំណាក់ CR7។ ​ដោយ​នេះ​ជា​អ្វី​ដែល​លោក​ចង់​បាន ​ហើយ​វា​នឹង​កាន់​តែ​ល្អ​ជាង​នេះ​ទៀត​សម្រាប់​ការ​ប្រកួត​បន្ទាប់ ​ដោយ​លោក Rangnick ​នឹង​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​អាច​លេង​ប្រយុទ្ធ​២​នាក់​ម្ដង ដើម្បី​ឱ្យ Ronaldo ​មាន​ដៃ​គូ៕