ក្លឹប​ Real Madrid មាន​គម្រោង​​​ធ្វើ​កម្មវិធី​លា​ជា​ពិសេស​មួយ​សម្រាប់​ការ​ចាកចេញ​របស់​វីរបុរស​​ក្លឹប Marcelo ប៉ុន្តែ​​មិន​មាន​ការ​រៀបចំ​អ្វី​ឡើយ​ចំពោះ Gareth Bale។

Gareth Bale នឹង Marcelo
Gareth Bale នឹង Marcelo

Marcelo និង Bale នឹង​ចាកចេញ​ពី​កីឡដ្ឋាន Bernabeu នៅ​រដូវ​ក្ដៅ​នេះ​ដូច​គ្នា បន្ទាប់​ពី​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លឹប​​យក្ស​ក្នុង​ប្រទេស​អេស្ប៉ាញ។ Real Madrid បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​ប្រកាស​ពី​ការ​ចាកចេញ​​របស់ Bale កាល​ពី​ខែ​មុន និង​ហៅ​​គេ​ជា វីរបុរស​របស់​ក្លឹប។

Marcelo នឹង​​ទទួល​បាន​ការ​រៀបចំ​កម្មវិធី​​លា​ពិសេស​មួយ​ដែល​​គ្រោង​ធ្វើ​នៅ​កីឡដ្ឋាន Estadio Santiago Bernabeu ដូច​ដែល​ក្លឹប​ធ្លាប់​ធ្វើ​ឲ្យ Sergio Ramos និង​ Iker Casillas។

ក្នុង​ពិធី​ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​នឹង​ឈរ​អប​ដោយ​ពាន​ទាំង​២៥​​ដែល​គេ​ឈ្នះ​ជាមួយ Real Madrid ថែម​ទាំង​មាន​ការ​​ចូលរួម​​ពី​ក្រុម​គ្រួសារ​និង​អតីត​មិត្តរួម​ក្រុម​ផង​ដែរ។

Marcelo បាន​ប្រកាស​បន្ទាប់​​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ថា គេ​នឹង​ចាកចេញ​ពី Real Madrid បន្ទាប់​ពី​ចំណាយ​ពេល​អស់​១៥​ឆ្នាំ​កន្លះ។ ផ្ទុយ​ពី Marcelo ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​វែល Bale មិន​ត្រូវ​បាន​ក្លឹប​រៀបចំ​កម្មវិធី​អ្វី​ឲ្យ​ឡើយ​ ត្បិត​ពួក​គេ​ជួយ​ក្លឹប​ឈ្នះ​ពាន UCL ៥​ដង​ដូច​គ្នា។

ទំនាក់ទំនង​រវាង Bale និង Real Madrid នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មិន​សូវ​ល្អ​នោះ​ទេ។ ក្លឹប​បាន​ត្រឹម​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​​ពី​ការ​ចាកចេញ​របស់​គេ​ប៉ុណ្ណោះ ទោះ​បី Bale បាន​ចំណាយ​ពេល​ជិត​១០​រដូវ​កាល​រួមរស់​ជាមួយ​នឹង​ឈ្នះ​ពាន​​ចំនួន​១៦​គ្រឿង៕