Real Madrid នឹង​ត្រូវ​ស្វាគមន៍​​ជើង​ខ្លាំង​មក​ពី​អង់គ្លេស Manchester City ​ក្នុង​កីឡដ្ឋាន Santiago Bernabeu សម្រាប់​ជើង​ទី​ពីរ​​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​ Champions League នៅ​រាត្រី​នេះ។

ក្រុម Real Madrid
ក្រុម Real Madrid

Man City កំពុង​មាន​គ្រាប់​​​បាល់​នាំ​មុខ​មួយ​គ្រាប់​ បន្ទាប់​ពី​ជើង​ទី​មួយ​ក្នុង​កីឡដ្ឋាន Etihad ពួក​គេ​ឈ្នះ Real Madrid លិទ្ធផល ៤-៣។ យ៉ាងណាមិញ Real Madrid ពេល​នេះ​កំពុង​តែ​​មាន​អារម្មណ៍​ល្អ​ ដោយ​សារ​ទើប​តែ​​លើក​ពាន La Liga ជាមួយ​៤​ប្រកួត​ដែល​នៅ​សល់ ក្រោយ​​យក​ឈ្នះ Espanyol លិទ្ធផល ៤-០។

អារម្មណ៍​ខុស​គ្នា Man City កំពុង​តែ​តានតឹង​ក្នុង​លីគ​ ត្បិត​តែ​កំពុង​ឈរ​លេខ​មួយ​ក្នុង​តារាង​ពិន្ទុ​មែន​តែ​គម្លាត​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​ពីរ Liverpool។

នេះ​មាន​ន័យ​ថា​ ប្រសិន​បើ​ពួក​គេ​ភ្លាត់​ចាញ់​​ឬ​ស្មើ ហង្សក្រហម​អាច​មាន​ឱកាស​ឡើង​​កំពូល​តារាង​វិញ។ មុន​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ UCL មក​ដល់ Real Madrid មាន​ទំនុក​ចិត្ត​​វាយ​បក​លើ Man City វិញ​ដូច​ដែល​ធ្លាប់​ធ្វើ​បាន​ជាមួយ PSG និង Chelsea។

និយាយ​ក្នុង​សន្និសីទកាសែត​​លោក Carlo Ancelotti បាន​និយាយ​ថា៖ “Madrid ពេល​នេះ​គឺ​ល្អ ជំរុះ​​ទឹក​ចិត្ត និង​ប្រមូល​ផ្ដុំ​។ ពួក​យើង​មាន​ការ​ប្រជែង​អស្ចារ្យ​មួយ ដែល​ជា​ឱកាស​​នៅ​លេង​ផ្ដាច់ព្រ័ត្រ Champions League។ ពួក​យើង​មាន​ការ​ប្រកួត​​លំបាក​ដែល​ត្រូវ​ជួប ប៉ុន្តែ​​ពួក​យើង​មាន​ទំនុក​ចិត្ត​ណាស់”៕