Real Madrid បាន​​ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​​របស់ Antonio Rudiger ដល់​ទៅ​៣៤០​​លាន​ផោន​ បន្ទាប់​​ពី​ខ្សែ​ការពារ​របស់ Chelsea បាន​បញ្ចប់​ការ​ផ្លាស់​មក​កាន់​ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​អង្គារ។

Antonio Rudiger
Antonio Rudiger

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​​បាន​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ Real Madrid ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​៣១,៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ ការ​ប្រកាស​ជា​ផ្លូវការ​​ Rudiger ក្លាយ​ជា​កីឡាករ​របស់ Madrid រំពឹង​នឹង​បង្ហាញ​​នៅ​ចុង​ខែ​ឧសភា​ឬ​ដើម​ខែ​មិថុនា។

Rudiger បាន​បដិសេធ​សំណើ​​ធំ​ៗ​ជា​ច្រើន​ពី​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប ដើម្បី​បាន​ចូលរួម​ជាមួយ Real ដោយ​គ្មាន​តម្លៃ​ខ្លួន (អស់​កុងត្រា​ជាមួយ Chelsea)។ Manchester United, Barcelona, Paris Saint-Germain និង Juventus សុទ្ធសឹងតែ​ចាប់​អារម្មណ៍​លើ កីឡាករ​វ័យ​២៩​ឆ្នាំ។ ដោយ​សារ​តែ​ជាប់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អង់គ្លេស ក្លឹប​ Chelsea មិន​​អាច​បន្ថែម​កុងត្រា​ថ្មី​លើ​កីឡាករ​របស់​ខ្លួន​បាន​ឡើយ។

Rudiger បាន​​ចូលរួម​ជាមួយ Chelsea ផ្លាស់​ពី​ក្លឹប Roma ក្នុង​តម្លៃ​ខ្លួន​២៩​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៧ ជាមួយ​កុងត្រា​៥​ឆ្នាំ។ ទល់​នឹង​ពេល​នេះ ៥​រដូវ​កាល​ជាមួយ​ក្លឹប គេ​រក​បាន​១២​គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​១៩៩​ប្រកួត​គិត​គ្រប់​កម្មវិធី៕