ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​អ្នក​មាន​​ Paris St-Germain កីឡាករ Kylian Mbappe ​បាន​យល់​ព្រម និង​​គ្រោង​ចុះ​កុង​ត្រា​ជា​មួយ​​ Real Madrid នៅ​ខែ​មករា​នេះ​ហើយ (pre-contract) ប៉ុន្តែ​​​កុង​ត្រា​ផ្លូវ​ការ​ក្រុម​ស្ដេច​ស នឹង​ធ្វើ​ការ​ប្រកាស​នៅ​ខែ​​កក្កដា ​ឆ្នាំ​២០២២។

Kylian Mbappe
Kylian Mbappe

កុង​ត្រា​របស់ Kylian Mbappe ​នឹង​ផុត​ជា​មួយ PSG ​នៅ​ខែ​កក្កដា ឆ្នាំ​២០២២​ ​ជា​ពេល​ដែល​​ក្រុម Real Madrid គ្រោង​​​ប្រកាស​ជា​​ផ្លូវ​ការ​​ពី​ការ​យក​បាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​នេះ​​ដូច​គ្នា​។ យ៉ាង​ណា​​យុវជន​វ័យ​២២​ឆ្នាំ​​រូប​នេះ​បាន​ចាប់​អារម្មណ៍​ ចង់​ទៅ​កាន់​ Real Madrid យ៉ាង​ខ្លាំង​តាំង​ពី​ខ្លួន​នៅ​ក្មេង ហើយ​ក៏​នៅ​តែ​បន្ត​រហូត​ដល់​បច្ចុប្បន្ន​។ ​និយាយ​ពី Real គឺ​ពួក​គេ​កំពុង​ព្យាយាម​ពន្យារ​ពេល​ចុះ​កុង​ត្រា​យក​​ Mbappe ​ដោយ​រង់​ចាំ​ឲ្យ​កុង​ត្រា​ផុត​ដើម្បី​អាច​យក​​បាន​ដោយ Free ។

សម្រាប់​ក្រុម​របស់​អេស្ប៉ាញ​បាន​ព្យាយាម​តាម​លួងលោម​ឲ្យ PSG ព្រម​លក់​​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ​ដោយ​ហ៊ាន​ផ្ដល់​តម្លៃ​រហូត​ដល់​២០០​លាន​អឺរ៉ូ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អ្នក​មាន​របស់​បារាំង​ច្រាន​​ចោល​។ ​ជាង​នេះ​ទៅ​ទៀត​ក្រុម​ PSG បាន​ព្យាយាម​លួងលោម​ឲ្យ Mbappe បន្ត​កុង​ត្រា​ថ្មី​ ប៉ុន្តែ​ខ្សែ​​​ប្រយុទ្ធ​រូប​នេះ​មិន​ព្រម​​ និង​ចង់​ចាក​ចេញ​ដើម្បី​សម្រេច​​​ក្ដី​ស្រមៃ​​​របស់​ខ្លួន​ បាន​ទៅ​លេង​នៅ Real Madrid ​នៅ​រដូវ​ក្ដៅ​​​ខាង​មុខ​នេះ​។

ឈាន​មក​ដល់​ពេល​នេះ Real Madrid កាន់​តែ​ខិត​ជិត​យក​បាន​កំពូល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ម្នាក់​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ​ដែល​វា​ជា​ជំនួយ​​មួយ​ដ៏​សែន​ចំណេញ​សម្រាប់​ពួក​គេ៕