លោក Florentino Perez ប្រធានក្លឹប Real Madrid បានសម្រេច​មិន​បន្ត​កុងត្រា​ជាមួយកីឡាករ ខ្សែបម្រើប្រយុទ្ធ Luka Modric នោះទេនៅពេល​កុងត្រា​ចាស់​ផុត​កំណត់។ តាម​ប្រភពព័ត៌មាន លោក Perez បានគ្រោង​នឹង​រៀប​ចំបន្ត​កុងត្រា​ជាមួយកីឡាករ​សំខាន់​ៗជាច្រើន​រូប​ តែ​បែរជាមិនមាន​ឈ្មោះ​របស់​ Modric នោះឡើយ។

photo of Luka Modric
Real Madrid សម្រេច​មិន​បន្ត​កុងត្រា​ជាមួយខ្សែប្រយុទ្ធឆ្នើម Luka Modric នោះទេ

កុងត្រា​របស់​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធវ័យ ៣៣ឆ្នាំ​រូបនេះជាមួយ​នឹង​ក្លឹប​អធិរាជស និង​បញ្ចប់​នៅឆ្នាំ ២០២០ ឯណោះ តែ​ប្រសិន​បើ​អ្វីដែល​កាសែត Sport Mediaset បាន​លើក​ឡើង​ជាការពិត​មែន​នោះ វា​នឹង​មាន​ន័យ​ថា កីឡាករ​រូប​នេះ​គួរ​ចាប់​ផ្តើម​សំឡឹងមើល​ក្លឹប​ដែល​សក្តិសម​សម្រាប់​រូបគេ​ពីពេលនេះ​ហើយ។

ក្លឹប​នៅលីគកំពូល​អ៊ីតាលី គឺ Inter Milan ដែលធ្លាប់​ទាក់​ទង Modric កាល​ពី​រដូវក្តៅកន្លងទៅ ចាប់​ផ្តើម​លេច​ឮថា និង​ជាក្លឹប​ដែល​ចាំទទួល​រូបគេ​ជាថ្មីម្តងទៀតកាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ។ Inter ត្រូវបាន​គេ​រាយការណ៍​ថា ហ៊ាន​ផ្តល់​ប្រាក់​ខែ ដល់​អតីតកីឡាករ​របស់​ក្លឹប Tottenham Hotspur រូបនេះ រហូតដល់ ១០លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំ និង​កុងត្រា​រយៈពេល ៤ ឆ្នាំ។ ទោះជាយ៉ាងណាក្តី ការ​ចរចាមិន​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​នោះឡើយ កាលពី​ពេល​នោះ។

 Luka Modric
Luka Modric

ប៉ុន្មានខែក្រោយពីបាន​ជួយ​ក្លឹប​អធិរាជសឈ្នះឆេមពានស៍លីគជាប់គ្នា បីសម័យកាលរួច​មក ប្រជាប្រិយភាព​របស់​ Modric នៅក្លឹប​នេះហាក់​ធ្លាក់​ចុះ​រកទីបញ្ចប់។ កីឡាករ​ដែលជាបេក្ខភាពកំពូល​សម្រាប់ Ballon d’Or រូបនេះនឹង​មានអាយុ ៣៤ឆ្នាំនៅ​ឆ្នាំក្រោយ ដែល​វា​ជា​រឿង​សមហេតុផល​បំផុត​ដែល​ ក្លឹបReal Madrid គួរឲ្យ​រូបគេ​ចាកចេញ​ក្នុង​តម្លៃ​ខ្លួន​សម​រម្យមួយ ទាន់​គេ​នៅមាន​តម្លៃ។

 Luka Modric
Luka Modric

ស្របគ្នា​នេះដែរ Modric ខ្លួនឯងក៏​មិន​ទាន់​បាន​បង្ហាញ​ទម្រង់​លេងគួរជាទីគាប់ចិត្តនៅឡើយសម្រាប់​រដូវកាល ២០១៨/១៩ នេះ ហើយ​ប្រហែល​ការ​ផ្លាស់​ទៅកន្លែងថ្មី ដូចជា​ក្លឹប​នៅ Serie A នេះអាចជួយ​ឲ្យគេ បង្ហាញសន្ទុះលេង​ឡើងវិញ​ក៏ថាបាន។ វា​ជា​រឿង​ឈ្នះឈ្នះ សម្រាប់ភាគីទាំងបី ប្រសិន​បើ​រឿង​នេះកើតមានមែន៕