សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​​បាន​ប្ដេជ្ញា​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍​កាល​ពី​យប់​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​កីឡាករ Richarlison ត្រូវ​បាន​អ្នក​គាំទ្រ​គប់​ចេក​មក​លើ​​​ក្នុង​ជំនួប​​មិត្តភាព​ប្រេស៊ីល​ឈ្នះ​ទុយណេស៊ី ៥-១ ក្នុង​ទីក្រុង​ប៉ារីស។

Richarlison
Richarlison

​ខ្សែ​ប្រយុទ្ធ​របស់ Spurs ខាង​លើ​​បាន​អបអរ​គ្រាប់​​បាល់​របស់​ខ្លួន​​ជួយ​ប្រេស៊ីល​នាំ​មុខ ២-១​នៅ​ក្នុង​កីឡដ្ឋាន Parc des Princes។ ហើយ​ពេល​នេះ​មាន​របស់​ជា​ច្រើន​បាន​គប់​មក​លើ​គេ ក្នុង​នោះ​ក៏​មាន​ចេក​មួយ​ផ្លែ​ផង​ដែរ។

មុន​ការ​ប្រកួត​ ក្រុម​ជើងឯក World Cup ៥​សម័យ​ប្រេស៊ីល​​​ក៏​បាន​បង្ហាញ​បដា​​ជាមួយ​សារ​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍​​ដោយ​បាន​សរសេរ​ថា៖ “បើ​គ្មាន​​កីឡាករ​ស្បែក​ខ្មៅ​​របស់​ពួក​យើង យើង​នឹង​មិន​មាន​​តារា​នៅ​លើ​អាវ​របស់​ពួក​យើង​ឡើយ”។ ក្រោយ​ពី​មាន​​ការ​រើសអើង​លើ Richarlison សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​បាន​ចេញ​មក​​ប្រតិកម្ម​ភ្លាម​ៗ​លើ​​បណ្ដាញ​សង្គម Twitter។

ពួក​គេ​បាន​សរសេរ​ថា៖ “​ជា​រឿង​សោកស្ដាយ​ចេក​មួយ​​ផ្លែ​​ត្រូវ​បាន​គប់​ចូល​ទីលាន​សំដៅ​លើ Richarlison ម្ចាស់​គ្រាប់​បាល់​ទី​ពីរ​របស់​ប្រេស៊ីល។ សហព័ន្ធ​​បាល់ទាត់​ប្រេស៊ីល​ពង្រឹង​ជំហរ​របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងបដិសេធចំពោះការបង្ហាញណាមួយនៃការរើសអើង៕