អតីត​ខ្សែ​ការពារ​របស់ Manchester United កីឡាករ Rio Ferdinand បាន​ហៅ Karim Benzema ជា​​កីឡាករ​លេខ​៩​ល្អ​បំផុត​ក្នុង​លោក ហើយ​គួរ​តែ​ឆ្លាក់​ឈ្មោះ​​របស់​គេលើ​ពាន Ballon d’Or។

Karim Benzema
Karim Benzema

​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​៣៤​ឆ្នាំ​​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង​ជួយ Real Madrid យក​ឈ្នះ Chelsea ៣-១ សម្រាប់​ជើង​ទី​មួយ​ពាន​រង្វាន់ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ។ ពេល​នេះ Benzema រក​បាន​៣៧​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៧​ប្រកួត​​ឲ្យ​ Madrid ក្នុង​រដូវ​កាល​នេះ។

ក្រោយ​​ពី​បញ្ចប់​ការ​ប្រកួត​​រវាង Real និង Chelsea លោក Rio បាន​និយាយ​សរសើរ​ច្រើន​ពី Benzema។ Rio បាន​លើក​ឡើង​ថា Benzema បាន​ជួយ​ក្រុម​ឲ្យ​ឈរ​នៅ​កំពូល​តារាង​ក្នុង​លីគ។ គេ​ជា​កីឡាករ​អស្ចារ្យ ហើយ​ពេល​នេះ​គឺ​ជា​អ្នក​ដឹកនាំ​ក្រុម។ គេ​បាន​ដើរ​ចេញ​ពី​ស្រមោល​របស់ Cristiano Ronaldo។

Ferdinand បាន​បន្ថែម​ទៀត​ថា Benzema គឺ​ជា​កីឡាករ​លេខ​៩​ល្អ​បំផុត​​លើ​លោក​ក្នុង​ចិត្ត​របស់​លោក។ សម្រាប់​ទម្រង់​លេង​ល្អ​បែប​នេះ ហើយ​​បើ​មិន​មាន​ការ​ឆ្លាក់​ឈ្មោះ​របស់​គេ​លើ​ពាន Ballon d’Or នៅ​ចុង​រដូវ​កាល លោក​ពិត​ជា​ភ្ញាក់ផ្អើល​ខ្លាំង។ រំឭក​ថា កាល​លេង​ជាមួយ PSG ​ជើង​ទី​ពីរ​អតីត​​របស់ Lyon ខាង​លើ​ក៏​ធ្វើ​បាន Hat-Trick ដូច​គ្នា៕