អតីត​ខ្សែ​ប្រយុទ្ធ​របស់ Arsenal និង Manchester United កីឡាករ Robin van Persie បានចុះ​កុង​ត្រា​ជាមួយ​ក្លឹប​យក្ស​នៅ​ហូឡង់ Feyenoord ក្រោយ​ពី​បាន​ចាកចេញ​ពី​ក្លឹប​មួយ​នេះអស់​រយៈ​ពេល ១៤ ឆ្នាំ​មក​។

Robin van Persie វិលត្រឡប់ទៅកាន់ក្លឹបចាស់ Feyenoord វិញ
Robin van Persie វិលត្រឡប់ទៅកាន់ក្លឹបចាស់ Feyenoord វិញ

កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន​ត្រឡប់​មក​កាន់​ក្លឹប​ចាស់​ដែល​គាត់​ចាប់​ផ្តើម​អាជីព​ជា​លើកដំ​បូង​ ពេល​ដែល​គាត់​ត្រូវបាន​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​ក្លឹប Fenerbahce របស់​ទួគី ហើយ​ឥឡូវនេះ​គាត់​នឹង​ត្រូវ​ទៅ​លេង​នៅ​ក្រប​ខណ្ឌ Eredivisie ។

នៅក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៧៨ លើក​ឲ្យ​ក្លឹប De club aan de Maas (Feyenoord) គាត់​ស៊ុត​បញ្ចូល​ទីបាន ២២ គ្រាប់ មុន​ពេល​ផ្លាស់​ទៅ Arsenal នៅ​ឆ្នាំ ២០០៤ ។ បន្ទាប់​មក​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចំណាយ​ពេល ៨ រដូវ​កាល​ដោយ​ជោគជ័យ​ជា​មួយ​ក្រុម​កាំភ្លើង​ធំ ដោយ​រក​បាន ១៣២ គ្រាប់​នៅ​ក្នុង ២៧៨ ប្រកួត​។

ក្រោយពី​គាត់​បាន​ផ្ទេរ​ទៅ​ក្រុម​បិសាច​ក្រហម​មក គាត់​ស៊ុត​បញ្ចូល​ទី​បាន ៥៨ គ្រាប់​ក្នុង​ការប្រកួត ១០៥ លើក ខណៈពេល​ដែល​គាត់​បាន​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​លើក​ពាន Premier League ក្នុង​ឆ្នាំ ២០១២/១៣ ។ ការ​លេង​ឲ្យ​ក្លឹប Fenerbahce គាត់​ក៏​ស៊ុត​បញ្ចូល​ទី និង​ជួយឲ្យ​ក្លឹប​មួយ​នេះ​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ផង​ដែរ​។

ការ​ផ្ទេរ​ទៅ​កាន់ Rotterdam (Feyenoord) គឺ​តាម​រយៈការ​ណែនាំ​របស់​អតីត​មិត្ត​រួម​ក្រុមជម្រើស​ជាតិ​ហូឡង់ Giovanni van Bronckhorst ហើយ​បច្ចុប្បន្ន​ក្លឹប​មួយ​នេះ​កំពុង​ស្ថិត​ក្នុងចំណាត់​ថ្នាក់​ទី​ប្រាំ​នៃ​ក្លឹប​កំពូល​របស់​ហូឡង់។ គណនី Twitter ផ្លូវ​ការ​របស់​ក្លឹប Feyenoord បាន​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រឡប់​របស់ Van Persie វិញ​ដោយ​គ្រាន់​តែ​និយាយ​យ៉ាងសាមញ្ញ​ថា៖ «សូម​ស្វាគមន៍​មក​កាន់​ផ្ទះ​វិញ Robin! »