photo of Brendan Rodgers
លោក Brendan Rodgers ជាអ្នកចាត់ការទូទៅក្រុម Leicester City

លោក Brendan Rodgers ដែលជាអ្នកចាត់ការទូទៅ បានបញ្ជាក់ថា ក្រុម Leicester City មិនអាចមើលស្រាលលើក្រុម Manchester United បានឡើយ និងត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមឲ្យបានលទ្ធផលមួយ នៅពេលដែលពួកគេត្រូវធ្វើដំណើរទៅកាន់ទឹកដីមួយក្នុងចំណោមទឹកដីដ៏ល្អបំផុតនៃក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ។

ក្រុម Leicester មិនទាន់ស្គាល់ចាញ់នៅឡើយទេក្នុងការប្រកួតក្របខ័ណ្ឌលីកក្នុងរដូវកាលមកទល់ពេលនេះ និងកំពុងតែគ្រប់គ្រងក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង ក្រោយពីការប្រកួត៤លើក ស្របពេលដែលក្រុម Man United ដេញតាមពីក្រោយពួកគេរហូតដល់ទៅ៥ចំណាត់ថ្នាក់ ដោយឈ្នះតែ១លើកគត់ ស្មើ២លើក និងចាញ់១លើក មកទល់ពេលនេះ។ Man United ក៏បានរងបរាជ័យ៣លើកក្នុងចំណោមការប្រកួតលើទឹកដីខ្លួនឯង៥លើកចុងក្រោយរបស់ពួកគេផងដែរ បើគិតចាប់តាំងពីរដូវកាលមុន ប៉ុន្តែ លោក Rodgers បានបញ្ជាក់ថា ក្រុមខ្លាំងក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អង់គ្លេសមួយនេះ នៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងក្រុមរបស់ខ្លួន ដើម្បីផ្តល់ការខកចិត្តដល់ក្រុមណាៗទាំងអស់។

លោក Rodgers ដែលធ្លាប់បានឈ្នះនៅកីឡដ្ឋាន Old Trafford ១លើកជាមួយនឹងក្រុម Liverpool នោះ បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «វាពិតជាកន្លែងដ៏លំបាកក្នុងការទៅ។ ខ្ញុំធ្លាប់បានដឹកនាំក្រុមជាច្រើនទៅប្រកួតនៅទីនោះ និងបានទទួលជ័យជម្នះ និងចាញ់ដូចគ្នា»។ លោកបានបន្ថែមទៀតថា៖ «ពួកគេនៅតែមានគុណភាព បើទោះបីលទ្ធផលមួយចំនួនដែលពួកគេមាន បង្ហាញពីភាពខុសគ្នាក៏ដោយ។ វាពិតជាកន្លែងដ៏លំបាក ហើយអ្នកត្រូវតែប្រឹងឲ្យខ្លាំង ដើម្បីឈ្នះនៅទីនោះ»៕