Ronaldo កំពុងស្ថិតក្នុងការចរចាររវាង Real Madrid ជាមួយ Juventus

ក្លឹប Real Madrid ពិតជាមិនបានច្រានចោលនោះទេចំពោះសំណើទិញតម្លៃ៨៨លានផោន ឬ១០០លានអឺរ៉ូរបស់ Juventus សម្រាប់ Cristiano Ronaldo។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Cristiano Ronaldo កំពុងស្ថិតក្នុងការចារចារជាមួយក្រុមសេហបង្កង់ Juventus ទាក់ទងទៅនឹងការចាកចេញពី Real Madrid នៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ នឹងទទួលបានតម្លៃពលកម្មដល់ទៅ ២៦,៥លានផោន ក្នុងមួយឆ្នាំ ប្រសិនបើយល់ព្រមទៅកាន់អ៊ីតាលីមែននោះ។ យ៉ាងណាវិញ សម្រាប់ Ronaldo មិនទាន់ប្រាកដពីអនាគត់របស់គេនៅឡើយទេ ម្យ៉ាងមិនខ្វះក្លិបធំៗឡើយ ដែលចង់បានកីឡាករកំពូលស៊ុតរូបនេះ ជាក់ដូចជាក្រុម Paris Saint Germain និងអតីតក្លិបចាស់ Manchester United ជាដើមសុទ្ធសឹងតាមប្រមាញ់ដូចគ្នា។ ក៍ប៉ុន្តែ Juventus វិញ ក៍មិនមែនជាក្លិបមួយអន់ដែរ ពួកគេជាក្រុមខ្លាំងមួយទាំងក្នុងស្រុក និងក្រៅស្រុក ដែលសាកសមបំផុតសម្រាប់ធ្វើជាទ្រនុំថ្មី របស់ Ronaldo ។

Ronaldo ទើបតែឈ្នះពាន Champions League លើកទី៥ជាមួយ Real កាលពីខែឧសភា ហើយចាប់តាំងពីពេលនោះមក Zinedine Zidane ដែលជាបុគ្គលមានជំនឿមុតមាំលើរូបគេក៏បានដើរចេញ ជំនួសដោយអតីតគ្រូអេស្ប៉ាញ Julen Lopetegui។
បើសិនជាការព្រមព្រៀងកើតឡើងមែន តម្លៃខ្លួនកីឡាករឆ្នើមព័រទុយហ្គាល់នឹងបំបែកកំណត់ត្រាទិញថ្លៃបំផុតរបស់ Juventus ដែលធ្លាប់ចាយលើ Gonzalo Higuain ក្នុងឆ្នាំ២០១៦ ចំនួន ៧៩លានផោន (៩០លានអឺរ៉ូ)៕

ប្រភព៖ The Mirror