Ronaldo ថា ត្រឡប់មក United មិនមែនដើម្បីវិស្សមកាលទេគឺមកឈ្នះពាន
Cristiano Ronaldo បាននិយាយថា គេមិនមែនត្រឡប់មក Manchester United ដើម្បីវិស្សមកាលទេ គឺដើម្បីជួយក្រុមឈ្នះពាន។

ការចុះកុងត្រាទិញ Ronaldo មកវិញពីក្រុម Juventus ក្នុងតម្លៃខ្លួន១២,៨លានផោនគឺការផ្ទេរដ៏ភ្ញាក់ផ្អើលក្នុងរដូវក្ដៅនេះ។ ដំបូងឡើង Manchester City ត្រូវបានគេដឹងថាជាក្រុមចង់បាន Ronaldo ប៉ុន្តែក៏បោះបង់វិញ។ ហើយវិនាទីចុងក្រោយកីឡាករសញ្ជាតិព័រទុយហ្គាល់បានសម្រេចចិត្តមកចូលរួមជាមួយបិសាចក្រហម។
និយាយប្រាប់វិបសាយរបស់ Man Utd កីឡាករវ័យ៣៦ឆ្នាំបាននិយាយថា គេមានសមត្ថភាព និងត្រៀមរួចរាល់ដើម្បីលេង។ នេះគឺហេតុផលដែលគេត្រឡប់មកវិញ។ គេមកក្លឹបចាស់មិនមែនដើម្បីវិស្សមកាលទេ។ រឿងពីមុនពិតជាល្អ គេបានជួយក្រុមឈ្នះពានសំខាន់ៗ និងបានចារឈ្មោះនៅ Manchester ពីមុន។ ហើយច្រើនឆ្នាំកន្លងផុតទៅ ប៉ុន្តែគេបានត្រឡប់មកទីនេះដើម្បីឈ្នះម្ដងទៀត។
អំឡុងពេលចំណាយអាជីពនៅ Manchester United ខ្សែប្រយុទ្ធ Ronaldo រកបាន១១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៩២ ប្រកួត។ United នឹងត្រូវប៉ះ Newcastle នៅសប្ដាហ៍នេះក្នុងលីគ ហើយក៏អាចជាបង្ហាញខ្លួនជាលើកដំបូងរបស់ Ronaldo ដែរ៕