Cristiano Ronaldo បានក្លាយជាកីឡាករទី១ ដែលរកបានគ្រាប់ក្នុងចំណោមជ័យជម្នះ ៩ប្រកួតចុងក្រោយរបស់ក្លឹបគិតចាប់តាំងពីឆ្នាំ២០០៥ មក នៅពេលដែល Juventus បំបាក់គូប្រជែង Fiorentina ក្នុងលទ្ធផល ៣-០ នាយប់មិញនេះនៅក្របខណ្ឌកំពូល Serie A។ ២គ្រាប់របស់ Ronaldo កើតឡើងដោយបាល់ប៉េណាល់ទីទាំងអស់នៅនាទីទី៤០ និងនាទីទី៨០ មុនពេលមិត្តរួមក្រុម Matthijs de Ligt រកបានគ្រាប់ទី៣ នៅនាទី ៩០+១។

photo of Cristiano Ronaldo
Cristiano Ronaldo

ប៉ុន្តែ ក្រុមគូប្រជែង Inter Milan និង Lazio ក៏បានវិលទៅកាន់ផ្លូវនៃជ័យជម្នះផងដែរ ខណៈដែលកីឡាករ Romelu Lukaku និង Ciro Immobile បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា សម្រាប់ក្រុមរបស់ខ្លួនរៀងៗខ្លួន ដើម្បីរក្សាការដាក់សម្ពាធលើក្រុមម្ចាស់ការពារជើងឯក។ Juventus កំពុងតែនាំមុខ៣ពិន្ទុលើក្រុមឈរលេខ២ Inter Milan ដែលបានផ្តួលក្រុម Udinese ក្នុងលទ្ធផល ២-០។

ដោយឡែក ក្រុម Lazio កំពុងតែដេញតាមពីក្រោយ២ពិន្ទុ ជាមួយនឹងការនៅសល់១ប្រកួតក្នុងដៃ ក្រោយពី Immobile និង Felipe Caicedo សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នាក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៥-១ លើក្រុមបាតតារាង SPAL។ Ronaldo បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «វាគឺជារឿងដ៏ល្អក្នុងការវិលទៅកាន់ជ័យជម្នះ ហើយពិតជារីករាយណាស់ក្នុងការស៊ុតបាល់បញ្ចូលទីម្តងទៀតនៅកីឡដ្ឋានរបស់យើង! ពិតជាមានមោទនភាពណាស់ក្នុងការស៊ុតបាល់បញ្ចូលទីបាន៥០គ្រាប់ជាមួយនឹងក្រុម Juventus»។

គួរបញ្ជាក់ថា ៣ពិន្ទុដោយស្រួលសម្រាប់សេះបង្កង់យប់មិញនេះ បានធ្វើឲ្យពួកគេបន្តនាំមុខដាច់តំណែងកំពូលតារាងដល់ទៅ ៦ពិន្ទុក្នុងចំណោម ៥៤ពិន្ទុក្នុងចំណោម ២២ប្រកួត តាមពីក្រោយដោយ Inter Milan៕