ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា ក្រុមបិសាចក្រហម Manchester United អាចនឹងឈ្នះពានរង្វាន់នារដូវកាលក្រោយក្រោមការដឹកនាំរបស់គ្រូថ្មីគឺលោក Erik Ten Hag ។​

Cristiano Ronaldo
Cristiano Ronaldo

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះរកបាន២៤គ្រាប់ហើយបើគិតមកទល់ពេលនេះ បន្ទាប់ពីផ្ទេរមកទឹកដី Old Trafford កាលពីរដូវក្ដៅឆ្នាំមុននិងបានបង្ហើបតម្រុយថាគេនឹងបន្តស្នាក់នៅជាមួយ Manchester United បើទោះបីជារដូវកាលក្រោយក្រុមគ្មានកៅអីលេង Champions League ក៏ដោយ។

Ten Hag ឯណេះវិញត្រូវគេរំពឹងទុកថានឹងមកដឹកនាំ Man UTD ចាប់ពីរដូវកាលក្រោយក្រោយជួយឲ្យ Ajax លើកពាន Eredivisie ជាលើកទី៣រួចមក។

Cristiano Ronaldo បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Manchester United ថា៖ “ខ្ញុំគិតថាគាត់ពិតជាធ្វើការបានល្អណាស់នៅ Ajax ហើយគាត់ជាគ្រូដែលមានបទពិសោធន៍ប៉ុន្តែពួកយើងត្រូវផ្ដល់ពេលវេលាឲ្យគាត់។ មានអ្វីជាច្រើនត្រូវផ្លាស់ប្ដូរ បើសិនគាត់ធ្វើបានល្អ ក្រុម Manchester United ទាំងមូលនឹងជោគជ័យដូច្នេះខ្ញុំជូនពរគាត់។ ពួកយើងទាំងអស់គ្នាសុទ្ធតែសប្បាយចិត្តនូវការមកដល់របស់គាត់ មិនមែនតែអ្នកគាំទ្រទេគឺសូម្បីកីឡាករក៏ដិយ។ ពួកយើងត្រូវជឿជាក់ថាយើងអាចឈ្នះពានរង្វាន់រដូវកាលក្រោយ”៕