photo of Cristiano Ronaldo
Cristiano Ronaldo

Cristiano Ronaldo រកបាន ២គ្រាប់ក្នុងជំនួបដែលម្ចាស់ផ្ទះ Juventus យកឈ្នះគូប្រជែង Udinese ៣-១ កាលពីម្សិលមិញ ដែលធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ៩គ្រាប់ ដេញពីតាមពីក្រោយកីឡាករ ៣រូបក្នុងតារាង Top Scorer នៅក្របខណ្ឌ Serie A នារដូវកាលនេះ។

ក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះ ស៊ុតបាន១៣ជើង ចំគោលដៅ៩ដង ទម្លុះសំណាញ់ទីបាន៣គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុត៨ជើង ចំគោលដៅ៦ដង សម្រេចទីបាន១គ្រាប់។

ក្រុមម្ចាស់ផ្ទះ ជាអ្នកស៊ុតបើកឆាកនាំមុខមុន៣គ្រាប់ក្នុងតង់ទី១ ដោយកំពូលខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo ធ្វើបានគ្រាប់ទី១និងទី២ ចំណែក​ឯគ្រាប់ទី៣រកបានខ្សែការពារវ័យ៣២ឆ្នាំកីឡាករ Leonardo Bonucci ។ លុះចូលមកដល់តង់ទី២ ក្រុមភ្ញៀវក៏មានឱកាសតដៃវិញបាន១គ្រាប់ដោយកីឡាករ Ignacio Pussetto ។

ដូច្នេះក្រោយបញ្ចប់៩០នាទី ក្រុមម្ចាស់ផ្ទះ Juventus ទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Udinese ក្នុងលទ្ធផល ៣ទល់នឹង១។ តាមរយៈលទ្ធផលនេះ ជួយឲ្យក្រុម Juventus ឡើងមកឈរកំពូលតារាងសាជាថ្មីក្នុងសប្ដាហ៍ទី១៦នេះ ខណៈក្រុម Undinese ធ្លាក់ទៅចំណាត់ថ្នាក់លេខ១៧ ក្បែរតំបន់ដែលត្រូវគេកាត់ចោល ក្រោយ១៦ប្រកួតកន្លងរកបានត្រឹម១៥ពិន្ទុ៕