Cristiano Ronaldo អាច​នឹង​ដើរ​ចេញ​ពី​ក្លឹប Manchester United ប្រសិន​បើ​ក្លឹប​មិន​អាច​មាន​កៅអី​ទៅ​លេង​នៅ Champions League រដូវ​កាល​ក្រោយ។

Cristiano Ronaldo
Cristiano Ronaldo

តាម​ការ​វិភាគ​និង​ឲ្យ​ដឹង​ពី The Sun បាន​ចុះ​ផ្សាយ​ថា ក្នុង​សប្ដាហ៍​នេះ​មាន​ការ​ពិភាក្សា​​រវាង​អ្នក​តំណាង​របស់ Ronaldo និង​លោក Richard Arnold ដែល​នឹង​ក្លាយ​ជា​​នាយក​ប្រតិបត្តិ​ថ្មី​របស់​ Man United ចាប់​ពី​ខែ​ក្រោយ​ទៅ។

Ronaldo កំពុង​តែ​បារម្ភ​​​​ពី​ដំណើរ​របស់​ក្លឹប​នា​ពេល​បច្ចុប្បន្ន​​​ដែល​ឈរ​​នៅ​លេខ​៧​ក្នុង​តារាង​ពិន្ទុ Premier League។ Ronaldo ដែល​នឹង​ឈាន​ដល់​វ័យ​៣៧​ឆ្នាំ​​នៅ​ខែ​ក្រោយ​មាន​ចេតនា​​ចង់​លេង​រហូត​ដល់​វ័យ​៤០​ឆ្នាំ ប៉ុន្តែ​​ចង់​បញ្ចប់​អាជីព​​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ម្នាក់។ តែ​ពេល​នេះ​​ការ​​ឱកាស​មាន​តិចតួច​មែនទែន​ដែល​នឹង​អាច​កើត​ឡើង​នៅ Man United។

ក្ដី​ស្រមៃ​ត្រឡប់​មក​ក្លឹប​ចាស់​របស់ Ronaldo ​ពេល​នេះ​​កំពុង​ស្ថិត​ក្នុង​សុបិន​អាក្រក់ ដោយ​សារ​តែ​ក្រុម​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេង​នៅ​ពាន Europa Conference League។ ម្ចាស់​កំណត់ត្រា​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​នៅ​ជម្រើសជាតិបាន​មិន​ពេញ​ចិត្ត​ចំណុច​​​មួយ​ចំនួន​នៅ​បិសាច​ក្រហម។