​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ឆ្លើយ​តប​វិញ​ចំពោះ​លោក Pascal Ferre ​ប្រធាន​អ្នក​រៀប​ចំ​កម្មវិធី Ballon dÓr ​​ដែល​បាន​និយាយ​ថា​គេ​ចង់​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​មួយ​នេះ​ឱ្យ​បាន​ច្រើន​ជាង Lionel Messi ​។

Cristiano Ronaldo
Cristiano Ronaldo

កាល​ពី​សប្ដាហ៍​មុន​នេះ លោក Pascal Ferre ​បាន​អះអាង​ថា​មហិច្ឆតា​របស់ Ronaldo ​គឺ​ធ្វើ​យ៉ាង​ណា​អាច​ឈ្នះ​ពាន​រង្វាន់ Ballon dÓr ​ឱ្យ​បាន​ច្រើន​ជាង​កីឡាករ Messi ​ក្នុង​អាជីព​បាល់ទាត់​នេះ។ ​ដោយ​ការ​និយាយ​បែប​នេះ ​បាន​ធ្វើ​ឱ្យ CR7 ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ហើយ​ក៏​បាន​តប​ត​វិញ​យ៉ាង​ចាស់​ដៃ​ផង​ដែរ។

ម្ចាស់​ពាន​រង្វាន់ Ballon dÓr ​ចំនួន ៥​សម័យ​ខាង​លើ​បាន​និយាយ​ថា​៖ “Pascal Ferre ​និយាយ​កុហក។ គាត់​បាន​ប្រើ​ឈ្មោះ​របស់​ខ្ញុំ​ដើម្បី​ប្រម៉ូត​ខ្លួន​គាត់ ​និង​ប្រម៉ូត​ការងារ​ដែល​គាត់​កំពុង​ធ្វើ។វា​មិន​អាច​ទទួល​យក​បាន​ ទេ​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​រង្វាន់​ដ៏​មាន​កិត្យានុភាព​បែប​នេះ​អាច​កុហក​តាម​របៀប​នេះ ​ដោយ​មិន​គោរព​ជា​ដាច់​ខាត​ចំពោះ​អ្នក​ដែល​តែងតែ​គោរព ​France Football ​និង​ Ballon d’Or។

ថ្ងៃ​នេះ​គាត់​បាន​កុហក​ម្ដង​ទៀត ​ចំពោះ​អវត្ដមាន​របស់​ខ្ញុំ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន។ ខ្ញុំ​តែងតែ​ចង់​អបអរ​អ្នក​ឈ្នះ ក្នុង​ភាព​ជា​អ្នក​កីឡា ​និង​យុត្ដិធម៌ ដែល​វា​បាន​ដឹក​នាំ​អាជីព​របស់​ខ្ញុំ​តាំង​ពី​ដើម​មក។ ​ខ្ញុំ​មិន​ដែល​គិត​ចង់​ប្រឆាំង​ជាមួយ​នរណា​ទេ”៕