photo of Wayne Rooney
Wayne Rooney of Everton

Wayne Rooney បានបង្ហើបពីគម្រោងទៅថៃ្ងអនាគតថា ខ្លួនចង់ក្លាយជាគ្រូបង្វឹករបស់ក្លឹប Everton នៅពេលដែលអាជីពជាកីឡាកររបស់គេ ត្រូវបានបញ្ចប់ ប៉ុន្តែបានបញ្ចាក់ថា គាត់មិនទាន់ចង់ចូលនិវត្តន៍ ពីបាល់ទាត់នៅឡើយទេ ។

អតីតខែ្សប្រយុទ្ធក្រុមជម្រើសជាតិ អង់គ្លេស រូបនេះ បានត្រលប់មកចូលរួមក្រុមជាមួយ Everton វិញ កាលពីរដូវក្ដៅមុន ក្រោយចំណាយពេល 13ឆ្នាំ ជាមួយក្រុមបិសាចក្រហម Manchester United ដោយបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ប្រចាំប្រវត្ដិសាស្រ្ដរបស់ក្លឹបនៅទីនោះ។

Rooney បាននិយាយថា «រឿងសំខាន់ដែលខ្ញុំចង់បានគឺគ្រូបង្វឹក ។ ខ្ញុំចង់ស្នាក់នៅជាមួយក្រុម Everton ក្នុងតួនាទីជាគ្រូបង្វឹក ខ្ញុំសង្ឃឹមថា ថៃ្ងណាមួយ ខ្ញុំនឹងទទួលការងារដឹកនាំណាមួយ ជាមួយ Everton ឬក៏ជាអ្នកចាត់ការទូទៅ​ ។ ប៉ុន្តែប្រសិនបើមិនអាចទៅរួចទេ ខ្ញុំនឹងមើលទៅកន្លែងដែលមានឱកាសសម្រាប់ខ្ញុំ ហើយខ្ញុំប្តេជ្ញាចិត្តថា ខ្ញុំនឹងក្លាយជាអ្នកចាត់ការទូទៅ របស់ Everton ទាល់តែបាន» ។