Sadio Mane នឹងសម្រេចអនាគតក្រោយលេង UCL វគ្គផ្ដាច់ព្រ័ត្រចប់
Sadio Mane បានលើកជាសញ្ញាសួរក្នុងក្លឹប Liverpool ដោយបាននិយាយថា គេនឹងប្រាប់ពីគម្រោងនៃអនាគត បន្ទាប់ពីលេងវគ្គផ្ដាច់ព្រ័ត្រ Champions League ចប់នៅសប្ដាហ៍នេះ។

Liverpool នឹងត្រូវប្រឈមមុខជាមួយ Real Madrid ក្នុងទីក្រុងប៉ារីសនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យខាងមុខ។ ហើយក៏ជាការប្រកួតសងសឹករវាងក្រុមទាំងពីរដែលធ្លាប់ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រម្ដងកាលពីឆ្នាំ២០១៨ ពេលនោះ Real Madrid បានឈ្នះ ៣-១។
ជាមួយគ្នានេះ Mane ដែលកំពុងមានការទាក់ទងផ្ទេរចេញពី Anfield បានកំណត់ពេលវេលា ដោយនិយាយថាគេនឹងប្រកាសពីអនាគតរបស់ខ្លួន ក្រោយប្រកួតជាមួយ Real Madrid ចប់។ ផ្ទុយពី Mane មិត្តរួមក្រុម Mohamed Salah បាននិយាយរក្សាជំហរថា គេនឹងបន្តនៅ Liverpool នៅឆ្នាំក្រោយ។
“ច្បាស់ណាស់ វានឹងពិសេសដើម្បីឈ្នះ និងលើកពានជាលើកទី៧សម្រាប់ក្លឹប។ ហើយសំនួរពីអនាគតរបស់ខ្ញុំ ខ្ញុំនឹងផ្ដល់ចម្លើយ បន្ទាប់ពី Champions League ថា នៅឬមិននៅ។ ខ្ញុំនឹងឆ្លើយពេល ក្រោយ UCL”។ សម្ដីរបស់ Mane។ កីឡាករវ័យ៣០ឆ្នាំសញ្ជាតិសេណេហ្គាល់បានឈានចូលឆ្នាំចុងក្រោយនៃកិច្ចសន្យាហើយជាមួយ Liverpool ហើយកន្លងទៅមានការទាក់ទងចង់បានពី Bayern Munich៕