​ខ្សែ​បម្រើ​ប្រយុទ្ធ Sadio Mane ត្រូវ​បាន​រាយការណ៍​យល់​ព្រម​​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយ​ជើងឯក​របស់​អាល្លឺម៉ង់ Bayern Munich។

Sadio Mane
Sadio Mane

​Mane តារា​របស់ Liverpool បាន​ប្រកាស​ចង់​ចាកចេញ​ពី​កីឡដ្ឋាន Anfield បន្ទាប់​ពី​ចំណាយ​ពេល​៦​ឆ្នាំ​ជាមួយ​ក្លឹប។ កីឡាករ​សញ្ជាតិ​សេណេហ្គាល់​​ក៏​បាន​បង្ហាញ​ជំហរ​ថា ទីក្រុង Munich ជា​គោលដៅ​​ដែល​គេ​ចង់​ទៅ បន្ទាប់​ពី​​បាន​និយាយ​ផ្ទាល់​ជាមួយ​អ្នក​ចាត់​ការ​របស់ Bayern លោក Julian Nagelsmann។

យ៉ាងណាក្ដី ក្លឹប​ទាំង​ពីរ Liverpool និង Bayern មិន​ទាន់​​កំណត់​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​៣០​នៅ​ឡើយ​ទេ។ អ្នក​តំណាង​របស់​ក្លឹប​ទាំង​ពីរ​បាន​បើក​ការ​ចរចា​គ្នា​កាល​ពី​ដើម​សប្ដាហ៍។ ក្រៅ​ពី Bayernក្លឹប​យក្ស​ពីរ​នៅ​អឺរ៉ុប​ដូច​ជា Barcelona និង Paris Saint-Germain​ ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ Mane ផង​ដែរ។

​តែ​បើ​តាម Daily Mail ឲ្យ​ដឹង​ថា ហង្សក្រហម​​ចង់​បាន​តម្លៃ​ខ្លួន​របស់ Mane យ៉ាង​តិច​ណាស់​៣៥​លាន​ផោន ប្រសិន​ក្លឹប​ណា​ចង់​បាន។ Mane បាន​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ក្លឹប Liverpool ដោយ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន Premier League ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ និង​​ឡើង​​ផ្ដាច់ព្រ័ត្រ UCL ៣​ដង (ក្នុង​នោះ​ឈ្នះ​ម្ដង)៕