Sadio Mane ថានឹងបន្ដធ្វើពុតដួលទៀត ដើម្បីឌឺ លោក Pep Guardiola
កីឡាករ Sadio Mane ខ្សែប្រយុទ្ធរបស់ Liverpool បានបញ្ជាក់ថាខ្លួននឹងបន្ដធ្វើពុតជាដួលទៀត តាមអ្វីដែលលោក Pep Guardiola បាននិយាយកាលពីប៉ុន្មានថ្ងៃមុននេះ។

កាលពីចុងសប្ដាហ៍កន្លងទៅ Pep បាននិយាយថា Mane ជាកីឡាករពូកែធ្វើពុតជាដួល ដើម្បីបានបាល់ពិន័យនៅពេលខ្លះ ហើយពេលខ្លះទៀត រូបគេក៏ជាអ្នករកគ្រាប់បាល់ដ៏អស្ចារ្យផងដែរ។ សម្ដីទាំងនេះ បានធ្វើឱ្យមានប្រតិកម្មជាច្រើនពីសំណាក់អ្នកគាំទ្រ និងអ្នកចាត់ការក្រុម Liverpool ផ្ទាល់តែម្ដង។
ដូចគ្នានេះដែរ សាមីខ្លួន Mane នៅថ្ងៃនេះក៏ចេញមុខមកនិយាយតបវិញដែរថា៖ “វាជារឿងឆ្លៀសវៃដែលគាត់ចាប់យកចំណុចនេះ។ ខ្ញុំនឹងនៅតែលេងបាល់តាមរបៀបរបស់ខ្ញុំ ហើយខ្ញុំមិនខ្វល់ពីអ្វីដែលគាត់និយាយនោះទេ។

ខ្ញុំតែងតែគិតវិជ្ជមានជានិច្ច សម្រាប់មតិយោបល់ទាំងអស់។ ខ្ញុំតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីជួយក្រុម ហើយប្រសិនបើអាចបានបាល់ប៉េណាល់ទី ខ្ញុំនឹងធ្វើជាដួលម្ដងទៀត”៕