Sandro ថា Neymar អាចឈ្នះពាន Ballon d’Or បាន លុះត្រា Messi ចូលនិវត្ត
អតីតខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Sandro Ramirez យល់ឃើញថា កីឡាករ Neymar អាចឈ្នះពាន Ballon d’Or បាន ប៉ុន្តែលុះត្រាណាតែ តារាឆ្នើម Lionel Messi ឈប់លេងបាល់ ឬធ្លាក់កម្រិតលេងខ្លាំង។

ជាការពិតណាស់ Neymar វ័យ៣០ឆ្នាំ មិនដែលធ្លាប់បានឈ្នះពាន Ballon d’Or ម្ដងនៅឡើយទេ បើទោះជារូបគេត្រូវបានអ្នកគាំទ្រ ចាត់ទុក ជាកីឡាករដែលមានទេពកោសល្យខ្ពស់ក្នុងការលេងបាល់ក៏ដោយ ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលខាងលើ បានចាកចេញពីក្លិបយក្សតំបន់កាតាឡាន់ Barcelona មកកាន់ Paris Saint-Germain កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពបាល់ទាត់ ដោយគិតមកទល់ពេលនេះ គេជួយក្លិបយក្សបារាំងលើកពាន លីគកំពូលបាន៣សម័យ។
ប៉ុន្តែមិនទាន់បានលើកពាន Champions League នៅឡើយទេ ដោយរូបគេធ្លាប់ឈ្នះពាន UCL នេះ បានម្ដងគត់កាលរួមរស់ជាមួយ Barca។
យ៉ាងណាមិញបច្ចុប្បន្ន Neymar កំពុងមានដៃគូល្អ ដោយលេងរួមក្រុមជាមួយMessi និង Mbappe ដែលនេះ កាន់តែធ្វើឲ្យរូបគេ មានភាគរយខ្ពស់ ក្នុងការជួយ PSG លើកពានធំៗនៅតំបន់អឺរ៉ុប។ ហេតុនេះហើយទើប កីឡាករ Sandro ជឿជាក់ថា Neymar អាចមានឱកាស ឈ្នះពាន Ballon d’Or ប៉ុន្តែក្នុងលក្ខខណ្ឌដែល Messi ចូលនិវត្តន៍ ឬធ្លាក់ទម្រង់លេង ។
លោក Sandro បានថ្លែងយ៉ាងដូច្នេះថា៖ “សម្រាប់ខ្ញុំ ពេលដែល Messi ឈប់លេងបាល់ ឬក៏លែងអាចបង្ហាញសមត្ថភាពក្នុងកម្រិងខ្ពស់ នោះ Neymar នឹងអាចឈ្នះ Ballon d’Or ។ គ្មានអ្វីត្រូវឆ្ងល់នោះទេ”៕