កីឡាករ Scott McTominay បានទម្លាយថាលោក Ralf Rangnick បានប្រាប់ឱ្យកីឡាករ Manchester United ទាំងអស់កាត់បន្ថយទម្លាប់នៃការប្រើភាសាកាយវិការមិនល្អចោល នៅពេលលោកមកដល់ទឹកដី Old Trafford ដំបូង។

Scott McTominay
Scott McTominay

ជាការពិតណាស់ កំលុងពេលលោក Ole Gunnar Solskjaer នៅដឹកនាំមានអតីតកីឡាករបាល់ទាត់ជើងចាស់ជាច្រើនតែងតែរិះគន់លើរឿងនេះជាពិសេសគេតែងតែដាក់បន្ទុកធ្ងន់ទៅលើ Cristiano Ronaldo និង Bruno Fernandes ជាដើមដែលពួកគេទាំង ២ ចូលចិត្តធ្វើសញ្ញាប្រាប់ទៅកាន់មិត្តរួមក្រុមតាមរយៈកាយវិការផ្សេងៗ។

យ៉ាងណាមិញ ក្រោយពេលលោក Rangnick ចូលមកដឹកនាំពួកគេក៏មិនទាន់បោះបង់ចោលទម្លាប់នេះទាំងស្រុងដែរគ្រាន់តែឥលូវគេមិនសូវឃើញកីឡាករ Man UTD ប្រើដូចមុន។ យ៉ាងណាមិញក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នសញ្ជាតិអាល្លឺម៉ង់ក្រុមបិសាចក្រហមក៏ធ្វើបានល្អគួរសមដែរខណៈយប់មិញទៀតសោតពួកគេទើបតែទទួលជ័យជម្នះទៅលើក្រុម Burnley ក្នុងលិទ្ធផល ៣ ទល់នឹង ០។

McTominay បាននិយាយយ៉ាងដូច្នេះថា៖ “ភាសាកាយវិការវាជារឿងមួយ ហើយអ្នកចាត់ការរបស់យើងនៅពេលគាត់មកដល់ភ្លាម គាត់បានមានប្រសាសន៍ថា គាត់ចង់ឱ្យពួកយើងបោះបង់នូវទម្លាប់ហ្នឹងចោល, ដូច្នេះចុងក្រោយយើងកំពុងតែព្យាយាមធ្វើវា។ ពួកយើងបានកាត់បន្ថយធ្វើវាម្តងបន្តិចៗ។ វាជាទម្លាប់ចាស់មួយ ប៉ុន្តែយើងមិនអាចបោះបង់វាចោលទាំងស្រុងទេ។ ប្រកួតបន្ទាប់យើងនឹងត្រូវជួបជាមួយក្រុម Wolves ដែលនេះគឺជាការប្រកួតសំខាន់មែនទែន” ៕