លោក Diego Simeone បាន​និយាយ​ថា Manchester City ប្រហែល​ជា​មាន​កីឡាករ​ល្អ​ជាង Atletico Madrid ប៉ុន្តែ​កុំ​ភ្លេច​ថា ការ​ប្រកួត​មាន​២​ជើង​ដើម្បី​រក​អ្នក​ឈ្នះ​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL។

Diego Simeone
Diego Simeone

​ការ​ប្រកួត​រវាង Man City ទល់​នឹង AT Madrid នឹង​លេង​នៅ​រាត្រី​នេះ​​ម៉ោង​២​រំលង​អាធ្រាត្រ​​នៅ​កីឡដ្ឋាន Etihad Stadium សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ។ លោក Simeone ជឿជាក់​ថា​​គ្រប់​គ្នា​សុទ្ធតែ​មាន​ឱកាស​សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​ជើង។

“ពួក​យើង​ទាំង​អស់​​គឺ​មាន​សម្ពាធ ប៉ុន្តែ​​ខ្ញុំ​គិត​​ថា វា​គឺ​ជា​បញ្ហា​មួយ​នៃ​​ទំនួល​ខុសត្រូវ។ ខ្ញុំ​គ្មាន​មន្ទិល​ទេ​ថា Man City មាន​កីឡាករ​ល្អ​ៗ ប្រហែល​ជា​​ពួក​គេ​មាន​កីឡាករ​ល្អ​ជាង​ពួក​យើង ប៉ុន្តែ​កុំ​​ភ្លេច​គេ​លេង​២​ជើង។ Man City និង Bayern ប្រហែល​ជា​មាន​​ឱកាស​ល្អ​ជាង​​នៃ​​ការ​ឈាន​ទៅ​វគ្គ​ផ្សេង​ៗ ប៉ុន្តែ​រដូវ​កាល​មុន Chelsea ជា​អ្នក​ឈ្នះ​ពាន”។ សម្ដី Simeone និយាយ​ក្នុង​សន្និសីទកាសែត។

មុន​បាន​ឡើង​មក​កាន់​វគ្គ​នេះ AT Madrid បាន​ទម្លាក់​ Manchester United សរុប​ទាំង​ពីរ​ជើង​​ឈ្នះ ២-១។ ប៉ុន្តែ​លោក​គិត​ថា City និង United មាន​ការ​លេង​ខុស​គ្នា ជា​ពិសេស​ក្រុម​លោក Pep Guardiola លេង​គ្រប់គ្រង​បាល់​ល្អ​និង​គ្រប់​ទី​កន្លែង៕