photo of Ole Gunnar Solskjaer
អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer

អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer និយាយថាក្រុមរបស់លោកនៅតែស្ថិតក្នុងដំណាក់កាលកសាងឡើងវិញនៅឡើយ ទោះបីទទួលបានជ័យជម្នះ៤-០លើ Chelsea ក្នុងសប្ដាហ៍បើកឆាកនៃក្របខ័ណ្ឌ Premier League 2019-20 ក៏ដោយ។

ក្នុងការប្រកួតនៅ Old Trafford កាលពីថ្ងៃអាទិត្យទី១១ខែសីហា Man Utd បាននាំមុខ១-០ក្នុងវគ្គទី១ដោយបាល់ពិន័យ១១ម៉ែត្ររបស់ Marcus Rashford។ តែនៅវគ្គទី២ ក្រុមបិសាចក្រហមលេងកាន់តែល្អឡើង ហើយថែម៣គ្រាប់ទៀត ដោយ Anthony Martial, Rashford និង Daniel James ធ្វើឱ្យការដឹកនាំប្រកួតផ្លូវការលើកដំបូងរបស់លោក Frank Lampard នៅ Chelsea ក្លាយជាថ្ងៃដែលគួរឱ្យបំភ្លេចចោល។

photo of Ole Gunnar Solskjaer
Ole Gunnar Solskjaer

នៅក្រោយការប្រកួត លោក Solskjaer និយាយថា៖ «ពួកយើងដឹងថាពួកយើងនៅឆ្ងាយពីគោលដៅរបស់យើងនៅឡើយ។ ពួកយើងកំពុងធ្វើការលើការធ្វើឱ្យប្រសើរឡើងជាក្រុមនិងស្វែងរកស្ទីលមួយដែលស័ក្ដិសមចំពោះក្រុមយើង។ ពួកយើងនៅតែត្រូវការពេលបន្ថែមទៀត តែពេលវេលានោះកំពុងមកហើយ»។

លោកបន្ថែមថា៖ «ការឈ្នះគឺជាទម្លាប់មួយ។ ពួកយើងសំណាងដែលបានសម្រាកវគ្គទី១ជាមួយការនាំមុខ១-០ ប៉ុន្តែក្នុងវគ្គទី២ យើង​សម្រួល​អារម្មណ៍​បាន​ល្អ ហើយទំនុកចិត្តរបស់យើងបានកើនឡើង»។

photo of Ole Gunnar Solskjaer
Ole Gunnar Solskjaer

សូមរំឭកថា ក្រុមបិសាចក្រហមរបស់លោក Solskjaer បានបញ្ចប់រដូវកាលមុនក្នុងលេខរៀងទី៦ក្នុងក្របខ័ណ្ឌ Premier League។

គោលការណ៍​ក្នុងការ​ទិញ​កីឡាករ​របស់​លោក Solskjaer ផ្ដោតលើកីឡាករវ័យក្មេងនិងមានភាពស្រេកឃ្លានក្នុងការប្រឹងប្រែងរកជ័យជម្នះ​។ ក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើមន័រវេស បាននាំ​ចូល​ខ្សែការពារ Aaron Wan-Bissaka, Harry Maguire និង​ខ្សែ​បម្រើ​ស្លាប​ Daniel James​៕