photo of Alex Sanchez
ខ្សែប្រយុទ្ Alexis Sanchez

អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer បានទាត់ចោលពាក្យចចាមអារ៉ាមដែលថាខ្សែប្រយុទ្ធ Alexis Sanchez ត្រូវបានបញ្ជូនទៅហាត់ជាមួយក្រុមយុវជនរបស់ក្លិប។

ផ្ទុយទៅវិញ ទោះបី Sanchez វ័យ៣០ឆ្នាំ មានគុណផលយ៉ាប់យ៉ឺននិងកម្លាំងមិនពេញល្អ តាំងពីផ្លាស់មកពី Arsenal ក្នុងខែមលរាឆ្នាំ២០១៨ក្ដី តែលោក Solskjaer ជឿថាតារាជម្រើសជាតិឈីលីរូបនេះនឹងលេងល្អក្នុងរដូវកាលថ្មីនេះ។

“ផ្សាយរឿងអីចឹងទៀតហើយ ថាគេត្រូវបានដាក់ក្នុងក្រុម reserves អីណា។ តាមពិតគឺអត់ទេ។ កម្លាំងគាត់នៅក្រោយកីឡាករដទៃពីរបីសប្ដាហ៍ តែគាត់ជិតក្លាយជាផ្នែកនៃការប្រកួតរបស់យើងវិញហើយ”។  Solskjaer និយាយ។

ole gunnar solskjaer និង alexis sanchez
លោក Ole Sunnar Solskjaer និង Alexis Sanchez

Sanchez ដែលមក Old Trafford ជាផ្នែកនៃកិច្ចព្រមព្រៀងប្ដូរជាមួយ Henrikh Mkhitaryan និងមានបៀវត្សរ៍១៤លានផោនក្នុងមួយឆ្នាំនោះ បានរងរបួសសរសៃពួរអំឡុងពេលលេងឱ្យឈីលីក្នុងព្រឹត្តិការណ៍ Copa America ខែមុន។

Solskjaer បន្ថែមថា Sanchez ដែលរកបានត្រឹម៥គ្រាប់ក្នុង៣១ប្រកួតសម្រាប់ Man Utd កន្លងមកនេះ គឺជាកីឡាករប្រកបដោយវិជ្ជាជីវៈពិតៗ និងខំហាត់យ៉ាងខ្លាំង។ អ្នកចាត់ការជនជាតិន័រវែសវ័យ៤៦ឆ្នាំបន្តថារដូវកាលនេះ Sanchez ប្រហែលបានចូលលេងញឹកញាប់ជាងអ្វីដែលអ្នកក្រៅរំពឹងទុក ដ្បិត Man Utd បច្ចុប្បន្នមិនមានខ្សែប្រយុទ្ធច្រើននាក់ទេ។

photo of Alex Sanchez
Alexis Sanchez

លោកសង្កត់ធ្ងន់ថា៖ “ពួកយើងរំពឹងគាត់លេងបានល្អនៅក្លិបនេះ។ គាត់ជាកីឡាករដែលមានគុណភាព”។

សូមជម្រាបថា ការប្រកួតបន្ទាប់របស់ United គឺនៅទឹកដី Wolves ក្នុងក្របខ័ណ្ឌ Premier League នាថ្ងៃចន្ទទី១៩ខែសីហា៕