នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League។

Son Heung-min
Son Heung-min

ជាការពិតណាស់ ទាំង Liverpool និង Spur ពិតជាវាយសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ប៉ុន្តែជារួមពួកគេបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញពួកគេស្មើគ្នា ១-១ ក្នុងនោះខ្សែប្រយុទ្ធ Son Heung-min ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ Spurs នៅនាទីទី ៥៦ មុនពេល Luis Diaz ស៊ុតគ្រាប់តាមស្មើឱ្យ Liverpool វិញនៅនាទីទី ៧៤។

គួរបញ្ជាក់ថា ក្រោយបានត្រឹមស្មើយប់មិញ ពេលនេះ Liverpool ហាក់ខើចឱកាសបន្តិចក្នុងការប្រជែងពាន Premier League ជាមួយ Manchester City ដ្បិតពេលនេះកំពុងឈរនៅលើកំពូលតារាងមាន ៨៣ ពិន្ទុស្មើគ្នាជាមួយក្រុមមេឃខៀវក៏ដោយ ព្រោះ Man City នៅសល់មួយប្រកួតក្នុងដៃទៀត។ ចំណែក Spurs ពេលនេះបានហក់ឡើងមកឈរនៅលេខរៀងទី ៥ វិញមាន ៦២ ពិន្ទុក្នុងដៃ៕