Spurs ត្រៀមលុយ១៥០លានផោនឲ្យលោក Conte ទិញកីឡាករថ្មី
លោក Antonio Conte នឹងទទួលបានកញ្ចប់ទឹកប្រាក់១៥០លានផោនដើម្បីនាំចូលកីឡាករថ្មី ដើម្បីជួយសង្គ្រោះ Spurs ឡើយវិញ បន្ទាប់ពីមួយរយៈចុងក្រោយក្រុមមិនទទួលបានលទ្ធផលល្អ។

តាមប្រភពពីលោក Fabrizio Romano ឲ្យដឹងថា អ្នកចាត់ការសញ្ជាតិអ៊ីតាលីបានបានយល់ព្រមកុងត្រាជាមួយ Spurs ដល់ខែ មិថុនា ឆ្នាំ ២០២៣ ជាមួយនឹងប្រាក់ឈ្នួល ១៥លានផោនក្នុងមួយឆ្នាំ បន្ទាប់ពីពួកគេបានបណ្ដេញលោក Nuno ចេញពីតំណែងកាលពីម្សិលមិញ។ កាលពីរដូវក្ដៅ Spurs ធ្លាប់បានទាក់ទងឲ្យ Conte មកដឹកនាំម្ដងហើយ មុនចុះកុងត្រាជាមួយលោក Nuno ប៉ុន្តែត្រូវបានបដិសេធ។
ដោយកាលនោះ Conte មើលឃើញថា Spurs មិនសូវមានមហិច្ឆតា។ ប៉ុន្តែពេលនេះប្រធានក្លឹប Spurs លោក Daniel Levy ដែលមានមហាសេដ្ឋី Joe Lewis ជាម្ចាស់ក្លឹបបានងាកហ៊ានឲ្យថ្លៃឈ្នួល Conte ដល់ទៅ២៩ម៉ឺនផោនក្នុងមួយសប្ដាហ៍ បូកជាមួយកញ្ចប់ទឹកប្រាក់១៥០លានផោនដើម្បីទិញកីឡាករថ្មី។
លោក Nuno Espirito Santo ត្រូវបាន Spurs បញ្ចប់តួនាទី បន្ទាប់ពីបរាជ័យកាលពីថ្ងៃអាទិត្យ ៣-០ ក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើងរបស់ Manchester United។ Nuno បានក្លាយជាអ្នកចាត់ដឹកនាំបានរយៈពេលខ្លីបំផុតរបស់ Spurs ពោលបានតែ១២៤ថ្ងៃ និង១០ប្រកួតក្នុងលីគ៕